រាជធានីបាងកក៖ បុរសល្មោភកាមម្នាក់ បានចាប់រំលោភចៅស្រីរបស់ប្រពន្ធខ្លួនឯងជាញឹកញាប់ រហូតធ្វើឲ្យនាងមានផ្ទៃពោះ ក៏បែកការដឹងដល់ប៉ូលិសចុះទៅឃាត់ខ្លួន នៅក្នុងស្រុក Kathu ខេត្តភូកេត ប្រទេសថៃ។

បើតាមប៉ូលិស បានឲ្យដឹង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ថា ជនសង័្សយឈ្មោះ Sombat អាយុ៤៩ឆ្នាំ ត្រូវបានចាប់ខ្លួន តាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឃុំ Moo 5 ស្រុក Kathu ខេត្តភូកេត។

លោកវរសេនីយ៍ Sinchai Thawanpinyo មន្រ្ដីប៉ូលិសទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ តំបន់៥ បានឲ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទខាងលើនេះ គឺប៉ូលិសធ្វើឡើង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ 258/2017 ចេញដោយតុលាការខេត្តភូកេត ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ បានចោទប្រកាន់ ពីបទ ចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំ៣ឆ្នាំមុនេះ ជនជាប់ចោទ បានចាប់រំលោភចៅស្រីរបស់ប្រពន្ធខ្លួន ជាញឹកញាប់ រហូតធ្វើឲ្យនាងមានផ្ទៃពោះ។ លុះក្រោយមករឿងអាស្រូវនេះបានបែកការ និងមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ទើបជនជាប់ចោទរត់គេចខ្លួនបាត់។ ប៉ុន្ដែរហូតមកដល់វេលាខាងលើ ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងចាប់ខ្លួនតែម្ដង៕