ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកតា ខាន់ សុវណ្ណ មានករណីបាញ់ចំនួន៣គ្រាប់ នៅក្នុងដីចម្ការរបស់លោកតា នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅសាកសួរ លោកតាខាន់ សុវណ្ណ ជុំវិញនឹងករណីផ្ទុះនេះ។ ក្នុងពេលនោះ លោកតា ខាន់ សុវណ្ណ បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់» ។

ជាមួយគ្នានេះដែរ «KBN» មានការសោកស្តាយ និងសុំទោស ចំពោះលោកតា ខាន់ សុវណ្ណ ដែលអង្គភាពយើងខ្ញុំទទួលព័ត៌មានបឋមមិនគ្រប់ជ្រុងជ្រោយ មកផ្សាយធ្វើឲ្យមហាជនមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសលោកតា៕