​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេរដ្ឋាភិបាល នឹង​អនុវត្ត​ការប្រមូល​ពន្ធ​មូលធន នៅ​ដើមឆ្នាំ​២០២១​ទៅ​។ គោលដៅ​នៃ​ការអនុវត្ត​ពន្ធ​នេះ គឺ​ដើម្បី​ប្រមូល​លុយ​ពី​អ្នកមានប្រាក់ចំណេញលើអចលនទ្រព្យ​ មកជួយ​«​អ្នកក្រ​»​។ លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​ពន្ធដារ​កម្ពុជា ស្តីពី «​ពន្ធ​លើ​ចំណេញ​មូលធន​» នៅ​ថ្ងៃទី​១ តុលា​នេះ​។​

មុន​ពន្ធ​មូលធន​នេះ លេចចេញ​ជា​រូបរាង សាធារណជន ជាពិសេស​អ្នករកស៊ី​អចលនទ្រព្យ កំពុង​បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​អាជីវកម្ម​ខ្លួន ស្រប​ពេលដែល​វិបត្តិ​កូ​វីដ​-១៩ កំពុង​អូស​បន្លាយពេល​។ ពួកគេ​មិនទាន់​ចង់ឱ្យ​រដ្ឋ ឆាប់​អនុវត្ត​ពន្ធ​ចំណេញ​លើ​មូលធន​នេះឡើយ​។
​ផ្ទុយ​ពី​ក្តី​ព្រួយបារម្ភ​នេះ លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ អះអាងថា ការអនុវត្ត​ពន្ធ​នេះ មិនមែន​ជាការ​សង្កត់​«​ក​» រាស្ត្រ​នោះទេ​។ បើតាម​លោក គង់ វិបុល ការបង្កើត​ពន្ធ​នេះ គឺ​ដើម្បី​យកប្រាក់​ចំណេញ​ពី​អ្នកលក់​អចលនទ្រព្យ មកជួយ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ​។​
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ពន្ធ​នេះ ជា​ពន្ធ​ចំណេញ​មូលធន មានន័យថា បើសិនជា​ប្រជាពលរដ្ឋ លក់​(​អចលនទ្រព្យ​)​បាន​ចំណេញ​ត្រូវ​បង់ហើយ គឺ​អត់សង្កត់ ក ទេ​។ ហើយ​បើ​ប្រជាជន​(​លក់​អចលនទ្រព្យ​ខាត​) នៅក្នុង​កាលៈទេសៈ​ហ្នឹង ឧទាហរណ៍ គាត់​ត្រូវ​បង្ខំ​លក់​ដី​ហ្នឹង ដែល​បាន​ទិញ​ដី​មួយកន្លែង​សម្រាប់​ទុក​លក់ តែ​វិបត្តិ​កូ​វីដ​នេះ វា​លក់​ទៅ​ខាត គឺ​អត់​ត្រូវ​បង់​ទេ​។ អ៊ីចឹង​មិនមែន​ពន្ធ​នេះ ដាក់​មក​សម្រាប់​សង្កត់ ក រាស្ត្រ​ទេ គឺ​ដើម្បី​យកពន្ធ​ពី​អ្នក​ចំណេញ យកទៅជួយ​រាស្ដ្រ ដែល​ប៉ះពាល់​»​។
​លោក គង់ វិបុល បាន​សង្កត់ធ្ងន់ថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ វា​នឹង​អត្ថប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ក្រក្រី រួមទាំង​ការអភិវឌ្ឍ​ជនបទ កសាង​មន្ទីរពេទ្យ សាលារៀន ផ្លូវ អណ្ដូងទឹក និង​ស្រះ​ទឹកជា​ដើម​។ «​បើសិនជា​យើង មិន​យក​(​ពន្ធ​)​ពី​អ្នក​ដែលមាន​ប្រាក់ចំណេញ វា​ហាកបីដូចជា​បាន​ពន្ធ​ពី​ណា​យក ។ ហើយ​រដ្ឋ​អត់​យកពន្ធ​ទេ ពី​អ្នក​ដែល​លក់​ខាត ហើយ​ប្រជាពលរដ្ឋ​ទូទៅ បើសិនជា​អត់​មានការ​លក់ ក៏​អត់​ជាប់ពន្ធ​ដែរ​។ ពន្ធ​មូលធន​នេះ បើ​លក់​ចំណេញ​ចាំ​បង់ បើ​លក់​មិន​ចំណេញ អត់​បង់ អត់​ត្រូវ​ជាប់​(​ពន្ធ​)​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ វិបុល ។​
​លោក វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​បន្ថែមថា ពន្ធ​នេះ មិន​គ្របដណ្ដប់​លើ​ពលរដ្ឋ​ទូទៅ​ទេ បើសិនជា​ពួកគេ គ្មាន​អចលនទ្រព្យ​លក់​នោះ​។ បើតាម​លោក ពុទ្ធិ​ពល អ្នក​ដែល​ជាប់ពន្ធ​ភាគច្រើន គឺ​អ្នករកស៊ី​អចលនទ្រព្យ​។ «​កន្លងមក​មានការ​យ​ល់​ច្រឡំ​ថា ប្រជាជន​គ្រប់រូប​ត្រូវ​បង់ពន្ធ​នេះ អ៊ីចឹង​ហើយ​បានជា​គាត់​ជ្រួលច្រាល​។ ខ្ញុំ​គិតថា​អ្នក​ដែល​បង់ពន្ធ​នេះ​ច្រើន​គេ ៩០​ភាគរយ គឺ​អ្នក​ដែលមាន​របរ​អាជីវក​ម្ម​ទៅលើ​ខាង​ផ្នែក​អចលនទ្រព្យ​នោះឯង​។​ប៉ុន្តែ​ចំពោះ​ប្រជាជន​ទូទៅ ច្បាស់​ជា​មិន​ជាប់​(​ពន្ធ​)​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ៕