(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួននាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកសុីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់​ ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។

ស្ត្រីភរិយាជនរងគ្រោះបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់លើស្វាមីរបស់ខ្លួន​បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចក៏នាំខ្លួនគ្រួសារសាច់ញាតិជនដៃដល់យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដេីម្បីធ្វេីសាកសួរ ។ ហើយគេក៏មិនទាន់ដឹងពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយ។

ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ កូនស្រីទី២ អាយុ៩ឆ្នាំ កូនស្រីទី៣ អាយុ៥ឆ្នាំ កូនស្រី ទី៤ អាយុ១ឆ្នាំ។

នៅកន្លែងកើតហេតុមានការសង្វេគចិត្តជាខ្លាំង។ ភរិយា និងកូនៗ ព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជនរងគ្រោះ។

អ្នកនៅកន្លែងកើតហេតុបានកើតការតក់ស្លុតយ៉ាងពន់ពេកក្រុមគ្រួសារជនរងគ្រោះ ជាពិសេសកូនៗជនរងគ្រោះដែលនៅតូចៗនៅឡើយ មិនត្រូវមានវាសនាយ៉ាងណាទៅថ្ងៃមុខបើឪពុកជាបង្អែកដ៏ធំក្នុងគ្រួសារបានស្លាប់ចោលពួកគេទៅហើយ ៕

https://www.facebook.com/kbnlive.official/videos/332453628086121/?__xts__[0]=68.ARDRu-qnHBEq4QJAQMl_Gyp76ybkVm_PdqygWmqjzS_Efs5u46ZcpD54KJQ9tWckFa6kQ7Kf0hg1eRgwxi8BPb4otiTNtG0_el0FcC18cM12rA1WFs6j7ZXBRIagxPRUXFTV3P30JZH74iInUyoL3l_LlLZ5T_-e32SIdW1xcher6nXgPNnoFExL6UIm7jyEaraWdOFepPHTGzea1EF2FkugUzUWOlW1Es15jRS5xMO72CjeKhHSw-jMPhXi4DtzAAiyvm6fcLMFYZNiW9R4Xt2EQ2pUmj_lAnL8ctAER3as9mbwIDu7MIoQAxrL63PZBSay9PnKN5NQ1hd-qG8qyOyIwucXJl-OGdw&__tn__=-R