ខេត្តសៀមរាប៖​ លោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តសៀមរាប ដែលបានប្រើប្រាស់សារធាតុញៀន ត្រូវបានថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រេចបញ្ជូនទៅមណ្ឌលកែប្រែគ្រឿងញៀន ។ នេះបើយោងតាមការចេញផ្សាយលើហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្ត​សៀមរាប កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអនុវត្តតាមដំណាក់កាល ដូចខាងក្រោម ៖
១.បានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទារកែប្រែគ្រឿងញៀន
២.បានធ្វើរបាយការណ៍បញ្ជូនទៅនាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិ
៣.បានកំពុងយកមកអនុវត្តវិន័យកងកម្លាំងនគរបាលជាតិនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ មានការបង្ហោះព័ត៌មានតាមហ្វេសប៊ុក ថា មានរថយន្តម៉ាក Mazda ពាក់ស្លាកលេខ នគរបាល 2-2355 ដែលបានចតនៅចំណុចជិតរបងវត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយម្ចាស់រថយន្តបែកថ្នាំ ។

ក្រោយមានការបែកធ្លាយបែបនេះ លោកស្នងការខេត្តសៀមរាប បានចេញមកបញ្ជាក់ថា អ្នកបើករថយន្តខាងលើ គឺ លោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តសៀមរាប។

ពាក់ព័ន្ធករណីនេះ លោកអនុសេនីយ៍ទោ សាង រ៉ាយូ បំភ្លឺថា លោកពិតជាបានបើកបររថយន្តពាក់ស្លាកលេខនគរបាលខាងលើនោះពិតប្រាកដមែន គឺ បើកបរចេញពីកន្លែងហូបចុកជាមួយមិត្តភក្កិ ក្នុងស្ថានភាពស្រវឹង ទើបលោកសម្រេចចិត្តចតរថយន្តនៅចំណុចខាងលើដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូចជាអ្នកដទៃ ។

លោកឧត្តមសេនីយ៍ត្រី តូច សាកល ធ្លាប់បានអះអាងថា នគរបាល ឈ្មោះសាង សាង រ៉ាយូ ត្រូវបានជំនាញបានយកទឹកនោមទៅពិនិត្យរកឃើញ ថា នគរបាលរូបនេះមានសារធាតុញៀនក្នុងខ្លួន។

យោងតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា លោកអនុសេនីយ៍ទោ សាង រ៉ាយូ មានឪពុកជានគរបាលខេត្តសៀមរាបផងដែរ ដោយឪពុករបស់លោកមានតូនាទីជានាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្តសៀមរាប ៕