ខេត្តក្រចេះ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កងកម្លាំងអាវុធហត្ថខេត្តក្រចេះ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧១០ និងស្នាក់ការសន្តិសុខ៧០៨ បង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើល្មើសច្បាប់ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

រថយន្ដដឹកឈើល្មើសច្បាប់មួយគ្រឿងម៉ាកសាំយ៉ុង គ្មានស្លាកលេខដឹកចេញពីស្ទឹងត្រែង ត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយស្នាក់ការសន្តិសុខ៧១០ និងស្នាក់ការសន្តិសុខ៧០៨ បង្ក្រាបបានតែម្តងហើយនៅក្នុងរថយន្តនោះមានដឹកសរសរ និងក្ដារ ជាប្រភេទឈើគ្រឿងផ្ទះ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
វត្ថុតាងរថយន្ត និងឈើល្មើសច្បាប់ត្រូវបានកម្លាំងអាវុធហត្ថខេត្ត ប្រគល់ជូនរដ្ឋបាលព្រៃឈើ សង្កាត់អូរគ្រៀង ដើម្បីធ្វើការវាស់វែងចាត់វិធានការតាមនីតិវិធីច្បាប់ ៕