ក្រុមហ៊ុន Amazon.com បាននិយាយថាក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកចំនួន១សែននាក់បន្ថែមទៀត ដែលជាការជ្រើសរើសបុគ្គលិកលើកទី៤ ដែលក្រុមហ៊ុនបានប្រកាស សម្រាប់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដើម្បីបំពេញតាមតម្រូវការពាណិជ្ជកម្ម តាម ប្រព័ន្ធអេឡិចត្រូនិក ដែលបានហក់ឡើងក្នុងកំឡុងពេលមានវិបត្តិជំងឺ។

ក្រុមហ៊ុនលក់រាយតាមអ៊ិនធឺរណេតធំជាងគេបំផុត នៅលើពិភពលោកបាននិយាយថា មុខតំណែងទាំងនេះមានដូចជាការងារពេញម៉ោង និងក្រៅម៉ោង នៅក្នុងប្រទេសកំណើតរបស់ពួកគេនិងប្រទេសកាណាដា ហើយទាំងនេះនឹងរួមបញ្ចូលតួនាទីនៅឃ្លាំងថ្មីចំនួន១០០ កន្លែងនិងកន្លែងប្រតិបត្តិការ ដែលក្រុមហ៊ុនកំពុងបើកនៅក្នុងខែនេះ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងស៊ីអាថលបានជួលបុគ្គលិកចំនួន ៨៧៦,៨០០ នាក់គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ដោយមិនរាប់បញ្ចូលអ្នកម៉ៅការនិងបុគ្គលិកបណ្តោះអាសន្ន។ ព័ត៌មាននេះ បានឆ្លុះបញ្ចាំងពីតំរូវការឥតឈប់ឈររបស់ក្រុមហ៊ុន Amazon សម្រាប់ កម្លាំងពលកម្មក្នុងការវេចខ្ចប់និងដឹកជញ្ជូនផលិតផលទៅកាន់ ផ្ទះរបស់អ្នកទិញ ទំនិញ ជាមួយនឹងប្រាក់ចំណូលកើនឡើង ៤០ ភាគរយកាលពីត្រីមាសមុន និងជាប្រាក់ ចំណេញ ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ២៦ ឆ្នាំរបស់ក្រុមហ៊ុនលក់រាយ។

អនុប្រធាន ក្រុមហ៊ុន Amazon លោក Alicia Boler Davis បាននិយាយថាក្រុមហ៊ុនកំពុង ដាក់ឲ្យ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនៅអគារថ្មីបំផុតរបស់ខ្លួនក្នុងពេលតែមួយ។ កាលពីដើមខែនេះក្រុមហ៊ុន Amazon បានប្រកាសបើកទ្វារ សម្រាប់បុគ្គលិកក្រុមហ៊ុន និង បច្ចេកវិទ្យា ចំនួន៣៣,០០០ នាក់ និងបានប្រកាសការងារប្រតិបតិ្តការថ្មីចំនួន ១សែន នាក់ និង ៧៥,០០០នាក់ នៅក្នុងខែមីនា និងខែមេសា ដើម្បីផ្តល់ការងារដល់ប្រជាជន ដែលត្រូវ បានបញ្ឈប់ពីការងារ ក្នុងកំឡុងពេលមានជំងឺរាតត្បាត។