រាជធានីបាងកក៖ រដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយរបស់ខ្លួន ដើម្បីបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេស ទើបក្រសួងអប់រំសម្រេចចិត្តជួលគ្រូបង្រៀនភាសាអង់គ្លេស មានដើមកំណើតនិយាយភាសាអង់គ្លេស ចំនួន ១០ ០០០នាក់ មកបង្រៀនសិស្ស និងនិស្សិតថៃ។

បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយថា ក្រោយពេលស្ថានភាពកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រង់បានរួចមក ក្រសួងអប់រំថៃ គ្រោងនឹងជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេស ជាជនជាតិដើមនិយាយភាសាអង់គ្លេស ចំនួន ១០ ០០០ នាក់ ដើម្បីមកជួយបង្កើនសមត្ថភាពភាសានេះដល់សិស្សរបស់ខ្លួន។ រីឯគ្រូបង្រៀន ឬសាស្រ្ដចារ្យទាំងនោះ ត្រូវមានសញ្ញាបត្រទាក់ទងនឹងការងារនេះពិតប្រាកដថែមទៀតផង។

លោក Nataphol Teepsuwan រដ្ឋមន្រ្ដីក្រសួងអប់រំ បានថ្លែងថា ក្រសួងបានបង្ហាញគម្រោងនេះ ជូនថ្នាក់ដឹកនាំ នៅក្នុងកិច្ចប្រជុំមួយ នៃសមាគមសាលាអន្តរជាតិ នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន ប្រទេសថៃ មានគ្រូបរទេសបង្រៀនភាសាអង់គ្លេស ចំនួន ៧ ០០០នាក់។ ប៉ុន្ដែចំនួននេះ មិនគ្រប់គ្រាន់សម្រាប់បង្រៀនដល់សិស្ស និង និស្សិតថៃនោះឡើយ។ រហូតមកដល់ពេលនេះ ប្រទេសថៃ កំពុងអនុវត្តកម្មវិធីពង្រឹងសមត្ថភាពភាសាអង់គ្លេស តាមសាលារដ្ឋ នៅទូទាំងប្រទេស ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ។

លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា សិស្សក្មេងៗជំនាន់ក្រោយ ចាំបាច់ត្រូវបណ្ដុះបណ្ដាលភាសាបរទេស ឲ្យសមស្របតាមទីផ្សារការងារ និងសង្គម នាសម័យសាកលភាវូបនីយកម្មនេះ។ ពេលវេលាល្អ និងងាយរៀនភាសាបំផុតនោះ គឺក្មេងមានអាយុកើត រហូតដល់អាយុ៧ឆ្នាំ។ ដូច្នេះក្រសួងត្រូវការគ្រួបង្រៀនភាសាអង់គ្លេស មានដើមកំណើតអង់គ្លេស ប្រហែល១០ ០០០នាក់ទៀត ទើបអាចគ្រប់គ្រាន់ សម្រាប់កម្មវិធីនេះ៕