ខេត្តកំពង់ធំ ៖ បុរសចំណាស់ម្នាក់ ខណៈកំពុងជិះម៉ូតូធ្វើដំណើរទាំងមេឃកំពុងធ្លាក់ភ្លើង ស្រាប់តែមានរន្ទះមច្ចុរាជបាញ់ត្រូវ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូប្រូស ស្លាប់ចោលប្រពន្ធកូនភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង០៤ និង១៥នាទីរសៀលថ្ងៃទី០៩ កញ្ញា ស្ថិតត្រង់ចំណុចព្រៃអ្នកតា ក្នុងភូមិឈូករំដូល ឃុំទីពោ ស្រុកសន្ទុក ។

ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នេះ មានឈ្មោះ ពុត សូ អាយុ៥៥ឆ្នាំ ជាកសិករ មានទីលំនៅភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក។
ប្រភពពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូបំណងទៅដាក់មងនៅតំបន់កើតហេតុខាងលើ ទាំងមេឃកំពុងអង្អុរភ្លៀង ស្រាប់តែពេលនោះ មានរន្ទះបាញ់ចំជនរងគ្រោះលាន់ឮកក្រើកមេឃ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់យ៉ាងអាណោចអាធ័មចោលប្រពន្ធកូនគ្មានថ្ងៃត្រឡប់ជួបគ្នាវិញ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យសពជនរងគ្រោះ ឃើញថា ជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់មែន ។ បន្ទាប់មក ក៏ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសង្វេគជាពន់ពេក៕