ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈត្រូវប្អូនថ្លៃយកអង្រែវាយចំក្បាលពីរអង្រែ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២០ នៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ បាន ឡា អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ពូន ប៉ូលីន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវលេខ១៣៤សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យដែលជាប្អូនថ្លៃបាននិងកំពុងដេកជាមួយប្រពន្ធនៅក្នុងបន្ទប់ ស្រាប់តែជនរងគ្រោះដែលជាបងថ្លៃបានដើរមកមុខបន្ទប់របស់ជនសង្ស័យរួចហើយស្រែកជេរ ខណៈកំពុងតែជេរនោះជនសង្ស័យបានចេញពីបន្ទប់ឃើញជនរងគ្រោះកាន់អង្រែនៅក្នុង  ដៃផងក៏បានវាយគ្នាទៅវិញទៅមកដោយជនសង្ស័យដណ្តើមបានអង្រែពីដៃរបស់ជនរងគ្រោះក៏វាយក្បាលបងថ្លៃនោះពីរអង្រែបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង។ក្រោយមកជនសង្ស័យបានប្រាប់ឱ្យប្រពន្ធរត់ទៅប្រាប់សមត្ថកិច្ចឱ្យមកជួយឃាត់ខ្លួនជនរងគ្រោះផងដែរតែពេលសមត្ថកិច្ចមកដល់ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែទោះបីយ៉ាងណាសមត្ថកិច្ចបានបង្ហើបថា នេះជាព័ត៌មានបឋមក្នុងករណីឃាតកម្មនេះទេ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕