ថៃ៖ ស្រ្ដីជនជាតិថៃម្នាក់ និងបុរសអាហ្រ្វិក២នាក់ បានឆបោកសេដ្ឋីជនជាតិអាល្លឺម៉ង់ម្នាក់ អស់លុយ៥៧លានបាត (លុយថៃ) ឬស្មើនឹង ១ ៨៣៤ ០៩៥ ដុល្លារអាមេរិក ហើយត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី១ ខែកញ្ញា នៅក្នុងប្រទេសថៃ។

លោកឧត្ដមសេនីយ៍ Natthasak Chaowanasa ប្រធានអង្គភាពប៉ូលិសការពារអ្នកប្រើប្រាស់ (CPPD) បានថ្លែងថា ជនសង័្សយដែលត្រូវប៉ូលិសឃាត់ខ្លួននោះ រួមមាន ទី១-ឈ្មោះ Thanwaros Vorasarn ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិថៃ ទី២-ឈ្មោះ Ferdiman Ayuk Agbor អាយុ៣៤ឆ្នាំ ជនជាតិកាមេរូន និងទី៣-ឈ្មោះ Souhadon Traore ជនជាតិកូតឌីវ័រ អាយុ៣៥ឆ្នាំ។ ជនសង័្សយត្រូវបានចោទប្រកាន់ពីបទឃុបឃិត ក្នុងការក្លែងបន្លំសាធារណៈការបញ្ចូលព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ និងការលាងលុយកខ្វក់។ ការឃាត់ខ្លួនជនសង័្សយខាងលើនេះ គឺធ្វើឡើង តាមពាក្យបណ្ដឹងពីពាណិជ្ជករជនជាតិអាល្លឺម៉ង់ម្នាក់ ប្ដឹងចោទប្រកាន់ពួកគេ អំពីបទឆបោក។ ជនសង័្សយបានឆបោកលុយពីជនជាតិអាល្លឺម៉ង់ នៅក្នុងប្រទេសអារ៉ាប់រួម (UAE) ពីជនសង័្សយ ឈ្មោះ Thanwaros តាមរយ:គេហទំព័រ www.grandig.com ។

លោកឧត្ដមសេនីយ៍ បានបន្ថែមថា បន្ទាប់មក ដើមបណ្ដឹងជាជនរងគ្រោះ បានផ្ទេរលុយ ១,៨២លានដុល្លារ ឬស្មើនឹង៥៧លានបាត (លុយថៃ) ចូលទៅក្នុងគណនីរបស់ស្ដ្រីសង័្សយខាងលើ។ ប៉ុន្ដែស្រោមដៃទាំងនោះ មិនត្រូវបានបញ្ជូនទៅឲ្យជនរងគ្រោះ ហើយស្រ្ដីសង័្សយក៏លែងទាក់ទងមកគាត់ដែរ។

ក្រោយពេលមានពាក្យបណ្ដឹង ទើប CPPD បានចាប់ផ្ដើមស៊ើបអង្កេត និងរកឃើញថា មានបុរសម្នាក់ ស្គាល់អត្ដសញ្ញាណ ឈ្មោះ Mepony Toure អាយុ២៨ឆ្នាំ មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងស្រ្ដី Thanwaros និងរស់នៅក្រៅប្រទេស។ គេបានរៀបចំឲ្យនាងប្រតិបត្ដិការ នៅក្នុងក្រុមហ៊ុនមួយ នៅក្នុងប្រទេសថៃ ហើយបើកគណនីមួយ។

ក្រោយការស៊ើបអង្កេតពីមន្រ្ដីជំនាញថៃ រហូតដល់ស្គាល់អត្ដសញ្ញាណនោះ ទើបឈានដល់ការចាប់ខ្លួនជនពាក់ព័ន្ធខាងលើ នាំមកចាត់ការតាមច្បាប់៕