ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យមិនឈប់ឈរនោះ និងមានការលើកឡើងជាច្រើនដែលធ្វើឲ្យកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ពា្រប សុវត្ថិ សម្រេចចាកចេញពីផលិតកម្មរស្មីហង្សមាស​ ទៅកាន់ផលិតកម្ម Galaxy Navatra​ ពេលនេះលោកបានបញ្ជាក់មូលហេតុច្បាស់ហើយពីការចាកចេញនេះ។

នាល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ ២០២០ នៅក្នុងកម្មវិធីទទួល​ស្វាគមន៍ វត្តមាន​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ មក​កាន់​ក្រុមហ៊ុន​ចម្រៀង Galaxy Navatra ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី (Gardent City Hotel) ជិត​វិមាន​ឈ្នះ​ៗ ទល់មុខ​ស្ថានីយ៍ទូរទស្សន៍ PNN លោកបានបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់ៗប្រាប់ទៅដល់អ្នកចូលរួម ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ឲ្យបានដឹងថាមានចំនុច២ ដែលធ្វើឲ្យលោកសម្រេចចាកចេញពីទ្រនំចាស់៖ «ចំនុចទី១ គឺគោលដៅជីវិត​ និងគោលបំណងថ្មី ដែលជាសេចក្ដីត្រូវការរបស់លោក និងចំនុចទី២ គឺលោកចង់ទទួលបានបទពិសោធន៌ថ្មី ក្រោយជោគជ័យនៅទ្រនំចាស់អស់រយៈពេល២៣ឆ្នាំ» ។

គួរជម្រាបដែលថា លោក ពា្រប សុវត្ថិ នឹងចុះកុងត្រាជាមួយផលិតកម្ម Galaxy Navatra​ ក្នុងរយៈពេល៥ឆ្នាំ ៕