ភ្នំពេញ៖ បន្ទាប់ពីលោក ខេម បានតបសារយ៉ាងវែងអន្លាយទៅកាន់ផលិតកម្មថោន ក្រោយពីផលិតកម្មមួយនេះបានបញ្ចេញលិខិតជាសាធារណៈហៅលោកទៅដោះស្រាយ និងបកស្រាយរឿងកុងត្រា កាលពីថ្ងៃទី ២៤ ម្សិលមិញនេះ ។

នៅក្នុងសំណេរដ៏វែងអន្លាយរបស់លោក ខេម កាលពីយប់មិញនេះ មានឃ្លាមួយធ្វើឲ្យភាគីខាងផលិតកម្មថោនមានការប្រតិកម្មមិនពេញចិត្ត ហើយក៏បានចេញលិខិតបដិសេធ និងស្នើឲ្យលោក ខេម ចេញមុខសូមទោសជាសាធារណៈ ព្រោះការសរសេរនេះ ត្រូវបានផលិតកម្មថោនចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជាសាធារណៈ ដោយឃ្លានៃសំណេរនោះមានខ្លឹមសារថា «ខ្ញុំមិននឹកស្មានថា មេខ្ញុំដែលសព្វថ្ងៃជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុងភ្នំពេញ» ។

ផលិតកម្មថោន បានអះអាងថា លោកជំទាវ ជួប មាន ដែលបច្ចុប្បន្នជាអគ្គនាយិកានៅក្នុងផលិតកម្មថោន មិនមានតួនាទីអ្វីជាមន្ត្រីរាជការឡើយ ។​

បើតាមការលើកឡើងពីមតិសាធារណៈលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះឃ្លារបស់លោក ខេម គឺចង់សំដៅទៅលើមេរបស់ខ្លួនទាំងពីរនាក់ប្ដីប្រពន្ធ ពោលគឺរាប់ទាំងលោក វ៉ា សុធា ជាប្ដីរបស់អ្នកស្រី ជួប មាន ផងដែរ ។

ជាការពិតណាស់ លោក វ៉ា សុធា គឺជាប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែលបានតែងតាំងបន្ទាប់ពីលោក ង៉ែត ​ចដ្តា​វី កាលពីថ្ងៃទី​៤ ខែមេសា ឆ្នាំ ២០១៣ ស្ថិត​ក្រោម​អធិបតីភាព​ ​លោក អ៊ូ ប៊ុនឡុង ​​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ និង​លោក កែប ជុតិមា អតីត​​អភិបាល​​​​រាជ​ធានី​ភ្នំពេញ​ ៕