ភ្នំពេញ៖ ជនសង្ស័យ៤នាក់ប្រើល្បិចចាស់ទម្លាក់យោង បញ្ឆោតល្បួងជនរងគ្រោះយកគ្រឿងអលង្ការពីជនរងគ្រោះបាន២ថ្ងៃផ្ទួនៗគ្នា តែលើកទី២ ជនរងគ្រោះដឹងខ្លួនទាន់ ក៏ស្រែកឆោឡោផ្អើលដេញចាប់បានម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នៅដីវាលមួយ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ ឈ្មោះ ឌឿន ផល្លីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរជំនាញខាងទម្លាក់យោង ស្នាក់នៅផ្ទះជួលក្នុងភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

ចំណែករងគ្រោះ២នាក់៖ ទី១-ឈ្មោះ សេក ចាន់ថន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះ គៀត ភឿន អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ សម្ភារៈបាត់បង់ កងដៃ១ឈុត (៣០០ដុល្លារ) ខ្សែមាស ៣ជី ។

ជនរងគ្រោះទី២ ឈ្មោះឌឿន លេខ ភេទស្រី អាយុ២១ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ ឆាន់ ណារ៉ូ អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលស្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់មានខ្សែក ចិញ្ចៀនប្លាទីន និងលុយកាក់ សរុបជាង៥០០ដុល្លារ ។

ជនរងគ្រោះទី១ ឈ្មោះ សេក ចាន់ថន បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ពេលគាត់ចេញពីធ្វើការនៅរោងចក្រ ត្រូវបានក្រុមជនសង្ស័យ៤នាក់ ប្រើល្បិចទម្លាក់យោង ហើយនាំគាត់ទៅដោះគ្រឿងអលង្ការនៅកន្លែងស្ងាត់មួយ ក្នុងភូមិទួលពង្រ បញ្ឆោតល្បួងដោះដូរឲ្យមកវិញនូវខ្សែកកាឡៃមកវិញ ។

ជនរងគ្រោះទី២ ឈ្មោះឌឿន លេខ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា នេះ ពេលគាត់ដើរទៅរកទិញម្ហូប ក្រុមជនសង្ស័យបានប្រើល្បិចធ្វើជាជ្រុះកាបូបលុយ និងមាស ហើយល្បួងគាត់នាំទៅដីវាលក្នុងភូមិទួលពង្រ ដោះយកគ្រឿងអលង្ការ លុយកាក់ អស់ពីខ្លួនរលីង ដោយឱ្យមកវិញខ្សែកកាឡៃ តែភ្លាមៗនោះ គាត់ដឹងថាចាញ់បោកគេ ក៏ស្រែកឆោឡោផ្អើលដល់ពលរដ្ឋ ជួយដេញចាប់បានស្ត្រីសង្ស័យម្នាក់នាំទៅប៉ុស្តិ៍ប៉ូលិស។ ចំណែកជនសង្ស័យ៣នាក់ទៀតក្នុ ងនោះមានប្រុស២នាក់ បានយកទ្រព្យសម្បត្តិរបស់គាត់គេចខ្លួនទៅបាត់ ។

ក្រោយជនរងគ្រោះទី២នាំជនសង្ស័យទៅប៉ុស្តិ៍ ក៏ដឹងដល់ជនរងគ្រោះទី១ មកមើល ទើបដឹងថាជនសង្ស័យមុខដដែល រួចបាំគ្នាដាក់ពាក្យបណ្តឹងទាំង២នាក់សុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕