ភ្នំពេញ៖ ក្រោយលោកផែង វណ្ណៈ បានបង្ហោះសារផ្ដាំទៅលោកឧត្តមសេនីយ៍ផ្កាយបីម្នាក់ ដែលកំពុងរត់ការខ្វែងដៃខ្វែងជើង ធ្វើអន្តរាគមន៍សុំអោយតុលាការដោះលែង មន្ត្រីនគរបាលបាញ់បោះសេរីនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកខ្លួនថយអោយលឿន បើមិនចង់អោយលោកបញ្ចេញឈ្មោះមក ស្រាប់តែមានលោកឧត្តមសេនីយ៍ផ្កាយបីម្នាក់ ចេញមុខ សូមអោយលោកផែង វណ្ណៈ និយាយអោយពិត កុំនិយាយតាមគេថា ព្រោះគាត់មិនបានទៅរត់ការអីទេ និយាយមិនពិត គាត់ទទួលយកមិនបានទេ ហើយលោកផ្កាយបីម្នាក់នោះ បានបន្ថែមទៀតថា បើផែង វណ្ណៈ ពុលទឹកមាត់ចេះតែនិយាយ មិនខ្លាចប៉ះពាល់កិត្តិយសគេ និយាយទៀតទៅ… ។

មុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះសារមួយតាមហ្វេសប៊ុកតបទៅលោកផ្កាយបីខាងលើនេះថា៖ សុំទោសបង ម្សិលមិញបងទូរស័ព្ទមកខ្ញុំ ចំម៉ោងខ្ញុំសម្រាក ខ្ញុំអត់បានលើក ។ ក្រោយមកឃើញបង ឆាតសារជាសំលេង តាមតេឡេក្រាមមកថា រឿងនៅកំពង់ស្ពឺ សូមអោយខ្ញុំនិយាយអោយពិត កុំនិយាយតាមគេថា បងមិនបានទៅរត់ការអីទេ និយាយមិនពិត បងទទួលយកមិនបានទេ ។ បងបានបន្ថែមទៀតថា បើខ្ញុំពុលទឹកមាត់ចេះតែនិយាយ មិនខ្លាចប៉ះពាល់កិត្តិយសគេ និយាយទៀតទៅ… ។

ខ្ញុំសូមអរគុណបងណាស់ ដែលបងចាប់អារម្មណ៍ ហើយចំណាយពេលតាមដានអត្ថបទរបស់ខ្ញុំ ពាក់ព័ន្ធមន្ត្រីបាញ់បោះសេរី ៧នាក់ នៅ ខេត្តកំពង់ស្ពឺ ។ តាមពិតទៅខ្ញុំ អត់បានដឹងថា បងទៅតុលាការខេត្តកំពង់ស្ពឺទេ ហើយខ្ញុំនិយាយរឿងផ្កាយបី នៅអគ្គស្នងការដ្ឋានគរបាលជាតិ ទៅរត់ការរឿងមន្ត្រីបាញ់បោះសេរី ក៏មិនសំដៅលើបងដែរ ។ បងកុំបារម្ភ បើបងមិនបានប្រព្រឹត្តអ្វីខុស គ្មានអ្នកណារមាស់មាត់និយាយអាក្រក់ពីបងដែរ ។

មួយវិញទៀតខ្ញុំចង់ឆ្លើយតបបងបន្តិចថា ពាក្យបងនិយាយថា ខ្ញុំកំពុងពុលទឹកមាត់គឺ ត្រូវហើយ ខ្ញុំពុលទឹកមាត់តែជាមួយមន្រ្តីថោកទាបធ្វើបាបរាស្ត្រទន់ខ្សោយតែប៉ុណ្ណោះ ។ មន្រ្តីល្អដូចបង ខ្ញុំមិនពុលទឹកមាត់ជាមួយទេ ។ មានតែប្រជាពលរដ្ឋទេដែលដឹងថា អ្នកណាល្អ អ្នកណាអាក្រក់ ។

កាលពីព្រឹកមិញនេះដែរ ផែង វណ្ណៈ បានបង្ហោះសារមួយតាមហ្វេសប៊ុកថា៖ លោកផ្កាយបី នៅអគ្គស្នងការដ្ឋានគរបាលជាតិ កំពុងក្ដៅក្រហាយនឹងការផ្សាយរបស់ ផែង វណ្ណៈ ហើយបានតាមសួររកមុខ អ្នកណាផ្ដល់ព័ត៌មានអោយមកខ្ញុំ ? អ្នកណាផ្ដល់រូបថតកាំភ្លើងជាវត្ថុតាងអោយមកខ្ញុំ ? អ្នកណាផ្ដល់រូបថតមន្ត្រីបាញ់បោះសេរីអោយខ្ញុំ ?

ហ៉ឺម ! ហើយពាក់ផ្កាយបី ទទួលបន្ទុកការងារដើរកាងបទល្មើស និងរត់ការដោះលែងជនល្មើស អញ្ចឹងមែន ?
ចង់ដឹងថាអ្នកណាផ្ដល់ព័ត៌មានអោយមកខ្ញុំ សួរមកខ្ញុំបាន កុំដើរសួរគេឯង ផ្អើលពេញខេត្តកំពង់ស្ពឺ ។
អំណាចលោកផ្កាយបីធំមហាសាលណាស់ ចៅក្រម ប្រហែលជាមិនហ៊ានឃុំខ្លួនមន្រ្តីទាំងនោះទេ ៕