ខេត្តតាកែវ៖ យុវជនចិត្តខ្លាំងម្នាក់ ខឹងម្ដាយស្ដីបន្ទោសឲ្យបន្តិចបន្តួចរឿងផឹកស៊ីមិនជួយធ្វើការ ស្រាប់តែគិតខ្លីចង.ក សម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់កាលពីវេលាម៉ោង២ និង២៥នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិធម្មតា ឃុំរនាម ស្រុកទ្រាំង។
ជនរងគ្រោះឈ្មោះ ណី សៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

មុនពេលកើតហេតុ ជនរងគ្រោះខឹងម្ដាយស្ដីបន្ទោសឲ្យបន្តិចបន្តួចរឿងផឹកស៊ី មិនជួយធ្វើការ ស្រាប់តែយកខ្សែនីឡុងដើរចេញពីផ្ទះទៅបាត់។ ដោយមានការសង្ស័យ ក្រុមគ្រួសារក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួននៅលើដើមស្វាយ ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ជនរងគ្រោះពិតជាស្លាប់ ដោយចងកសម្លាប់ខ្លួនឯងប្រកដមែន និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕