ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសន្ថវៈលើនារីម្នាក់រហូតបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល តែយ៉ាងណា ក្រោយពីនារីរងគ្រោះដាក់ពាក្យបណ្តឹងទៅតុលាការ និងមានដីកាបញ្ជាឲ្យចាប់ខ្លួន កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យល្មោភកាមនេះបាន កាលពីវេលាម៉ោង ០៨ និង១៥នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។

លោក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកអង្គរបូរី បានឲ្យដឹងថា ជនជាប់ចោទដែលចាប់ខ្លួនបាននៅពេលនេះ មានឈ្មោះ អ៊ួង ស៊ីថា ហៅអ៊ួច ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ ការចាប់ខ្លួនជននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៦៤ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ ចាប់ខ្លួនជនជាប់ចោទ០១នាក់ វ ពីបទ “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ” ប្រព្រឹត្តនៅចំណុចភូមិព្រៃព្រាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ។
ជនជាប់ចោទត្រូវសមត្ថកិច្ច រៀចចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕