ខេត្ដកណ្ដាល ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចអាគុយ ដែលម្ចាស់ទុកនៅមុខផ្ទះខ្វះការប្រុងប្រយ័ត្ន រួចរត់គេចខ្លួនបាត់ស្រមោល តែក្រោយពីជនរងគ្រោះជាម្ចាស់អាគុយទៅដាក់ពាក្យបណ្តឹង កម្លាំងនគរបាលប៉ុស្តិ៍តាក្តុល បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបាន ឈានដល់ចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១៥ និង១០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ។

ជនសង្ស័យ ទី ១-ឈ្មោះ ស៊ិន ស៊ីប៉ាវ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ។ ទី២-ឈ្មោះមាន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិពិតប្រាកដ។
ដកហូតអាគុយ៤០A ១គ្រឿម៉ាកYAMATO ពណ៌សលាយខ្មៅ ។ ជនរងគ្រោះឈ្មោះនង មៀន ភេទប្រុស អាយុ៥៣ឆ្នាំទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកអាគុយមកពីកន្លែងសាកមកដល់ផ្ទះដោយដាក់លើកង់ក្រោមដើមខ្នុរនៅមុខផ្ទះរបស់ខ្លួន ហើយបានចូលទៅហូបបាយក្នុងផ្ទះបាត់ទៅ។ លុះដល់វេលាកើតហេតុ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយក រួចគេចខ្លួនបាត់តែម្តង។ ពេលជនរងគ្រោះហូបបាយរួចចេញមកយកអាគុយមិនឃើញ ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលតាក្តុល ជួយអន្តរាគមន៍។

ប្រភពបន្តថា ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ ខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕