ខេត្តពោធិ៍សាត់៖ ជនសង្ស័យដើរអួតអាងថា ខ្លួនពាក់ផ្កាយ២ នៅកងអង្គរក្ស បានធ្វើសកម្មភាពកាប់ទន្ទ្រានដីព្រៃអភិរក្ស ជិត៤០ហិកតារធ្វើកម្មសិទ្ធិ ត្រូវបានកម្លាំងចម្រុះរដ្ឋបាលស្រុកវាលវែង ចុះទៅឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។

ជនសង្ស័យដែលដើរអួតអាងថា ខ្លួនពាក់ផ្កាយ២ នៅកងអង្គរក្សនោះ ឈ្មោះ សុខ ចំរើន បានប្រើប្រាស់ឈ្មោះស្ថាប័នរបស់ជាតិ កាប់រានទន្ទ្រានដីព្រៃអភិរក្សបរិស្ថានទំហំជិត៤០ហិកតារ នៅចំណុចភូមិដំណាក់កន្សែង ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដោយមានបញ្ជាពីលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាខេត្ត ពាក់ព័ន្ធនឹងបទល្មើសការកាប់រុករានទន្ទ្រានដីរដ្ឋយកធ្វើកម្មសិទ្ធិ លោកហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានចាត់ឱ្យកម្លាំងចម្រុះរដ្ឋបាលស្រុកវាលវែង ដឹកនាំដោយលោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែង ចុះទៅឃាត់ខ្លួនជនសង្ស័យពាក់ផ្កាយ២នោះ យកទៅកសាងសំណុំរឿង បញ្ជូនទៅអយ្យការយោធាតាមនីតិវិធី ។

លោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែង បានឲ្យដឹងថា៖ កន្លងមក អាជ្ញាធរមូលដ្ឋានបានធ្វើការចុះទៅហាមឃាត់ មិនឲ្យកាប់ឆ្ការទន្ទ្រានយកដីរដ្ឋនៅចំណុចខាងលើដែរ ប៉ុន្តែឈ្មោះសុខ ចម្រើន មិនត្រឹមតែអួតអាងថាខ្លួនពាក់ផ្កាយ២ នៅកងអង្គរក្សប៉ុណ្ណោះទេ គឺថែមទាំងហ៊ានប្រមាថកាតទានដល់មន្ត្រីមូលដ្ឋាយ៉ាងព្រហើនកោងកាចទៀតផង។

តែយ៉ាងណា កម្លាំងចម្រុះរដ្ឋបាលស្រុកវាលវែង មិនបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ ចំរើន ដែលដើរអួតអាងថា ខ្លួនពាក់ផ្កាយ២ នៅកងអង្គរក្ស បានធ្វើសកម្មភាពកាប់ទន្ទ្រានដីព្រៃអភិរក្ស ជិត៤០ហិកតារធ្វើកម្មសិទ្ធិខ្លួនឯងនេះ ពាក់ផ្កាយ២ នៅក្នុងក្របខណ្ឌយោធាពិតប្រាកដ ឬក្លែងក្លាយទេ ប៉ុន្តែបើសមត្ថកិច្ចកសាងសំណុំរឿងជនសង្ស័យនេះ បញ្ជូនទៅកាន់អយ្យការយោធាហើយនោះ មានន័យថា ជនសង្ស័យរូបនេះ ពិតជាមន្រ្តីនៅក្នុងក្របខណ្ឌយោធា ពិតប្រាកដមែនហើយ ៕