ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ទេសចរណ៍អន្តរជាតិ ចាប់ពីខែមករា ដល់ខែឧសភា បានធ្លាក់ចុះចំនួន ៣០០ លាននាក់ ពីឆ្នាំមុនៗ ដោយសារការរឹតបន្តឹងការធ្វើដំណើរដែលបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា ហើយការធ្លាក់ចុះនេះបណ្តាលឱ្យឧស្សាហកម្មទេសចរណ៍ ខាតបង់ទឹកប្រាក់ចំនួន ៣២០ ពាន់លានដុល្លារ។

អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ និយាយថាការខាតបង់អាចមានដល់ទៅបីដងនៃវិបត្តិដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៩ ។ ទីភ្នាក់ងារនិយាយថាគិតត្រឹមថ្ងៃទី ១៩ ខែកក្កដា ៥៣ ភាគរយនៃប្រទេសនិងដែនដីចំនួន ២១៧ លើពិភពលោក មិនទាន់ទទួលយកភ្ញៀវទេសចរមកពីក្រៅប្រទេសនៅឡើយទេ។

ទីភ្នាក់ងារនេះកំពុងអំពាវនាវឲ្យចាប់ផ្តើមដំណើរការទេសចរណ៍ឡើងវិញជាបន្ទាន់ដោយមានពិធីសារដើម្បីការពារការឆ្លង។ ទីភ្នាក់ងារនិយាយថាការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទេសចរណ៍អន្តរជាតិធ្វើឱ្យជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យ។ ប៉ុន្តែនៅទ្វីបអឺរ៉ុបនិងតំបន់ផ្សេងទៀត ដែលទេសចរណ៍បានចាប់ផ្តើមឡើងវិញ ឆាប់រហ័សមានករណីមនុស្សវិលត្រឡប់ពីវិស្សមកាលរដូវក្តៅ ធ្វើតេស្តវិជ្ជមានសម្រាប់វីរុសកូរ៉ូណា។