ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សំដី របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថា ប្រទេសរុស្ស៊ី ផ្តោតការយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើបច្ចេកវិទ្យា 5G ។

លោក Lavrov បានថ្លែងនៅក្នុងវេទិកាអប់រំយុវជនរុស្ស៊ីថា យើងប្រាកដជាមិនធ្វើតាម គំរូរបស់សហរដ្ឋអាមេរិក ដែលគ្រាន់តែទាមទារឱ្យមនុស្សគ្រប់គ្នាមិនសហការលើ បច្ចេក វិទ្យា 5G ជាមួយប្រទេសចិន ជាពិសេសជាមួយក្រុមហ៊ុន Huawei នោះទេ។ ផ្ទុយទៅវិញ យើងចាប់អារម្មណ៍លើការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាបង្កើតបច្ចេកវិទ្យាទំនើប និងអនុវត្តទៅក្នុងជីវិតជាក់ស្តែង។

យោងតាមលោក Lavrov បានឲ្យដឹងថា ក្រសួងនិងផ្នែកពាក់ព័ន្ធ មានទំនាក់ទំនងគ្នាយ៉ាងសកម្មក្នុងការចែករំលែកបច្ចេកវិទ្យានេះនៅប្រទេសរុស្ស៊ី។ សម្រាប់ប្រទេសរុស្ស៊ី ក៏ដូចជាពិភពលោក ទាំងមូលបច្ចេកវិទ្យា 5G គឺជាប្រធានបទសំខាន់ខ្លាំង។