បរទេស ៖ ក្រុមហ៊ុនផលិតអាវុធរបស់រុស្ស៊ី បានប្រកាសពីគម្រោងដាក់លក់ប្រព័ន្ធសព្វាវុធថ្មី ចំនួន៥០ប្រភេទ ទៅកាន់ទីផ្សារលក់អាវុធរបស់ពិភពលោក។

លោក Alexander Mikheyev នាយកប្រតិបត្ដិក្រុមហ៊ុនលក់អាវុធរបស់រុស្ស៊ី Rosoboronexport បានថ្លែងប្រាប់សារព័ត៌មាន Tass កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ថា ក្រុមហ៊ុនរបស់លោកមានគម្រោងផ្ដល់ប្រព័ន្ធគ្រឿងសព្វាវុធថ្មី ចំនួន៥០ប្រភេទ រួមមាន ប្រព័ន្ធការពារដែនអាកាស យន្ដហោះចម្បាំង យន្ដហោះដឹកជញ្ជូនយោធា កាំភ្លើងសម្រាប់បំពាក់លើនាវា និងគ្រឿងសឹកដទៃទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារលក់អាវុធរបស់ពិភពលោក។

នាយកប្រតិបត្ដិការក្រុមហ៊ុនលក់អាវុធរុស្ស៊ី រូបនេះ បានបញ្ជាក់ថា គ្រឿងសឹក សម្រាប់នាំទៅកាន់ទីផ្សារលក់អាវុធរបស់ពិភលោកទាំងនោះ រួមមាន រថក្រោះ T-14 Armata យន្ដហោះចម្បាំងជំនាន់ទី៥ ប្រភេទ Su-57 និងកាំភ្លើង AK ជំនាន់ថ្មីស៊េរី ២០០ ជាដើម។ ក្រៅពីនេះ ក្រុមហ៊ុនរុស្ស៊ី ក៏មានលក់ប្រព័ន្ធរ៉ាដា អាចចាប់បាននូវយន្ដហោះ និងមីស៊ីលមានល្បឿនលឿនជាងសំឡេង ប្រភេទ 59N6-TE ផងដែរ៕