រាជធានីភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផេករបស់សង្ឃ Long Chantha ដែលបានបង្ហោះសារ កាលពី២០ម៉ោងមុនមានខ្លឹមសារថា « អាត្មាភាព ភិក្ខុឡុងចន្ថា សូមអរគុណយ៉ាងខ្លាំងបំផុតចំពោះ ញោម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសូមដឹងគុណជានិច្ច គោរពស្រលាញ់គាំទ្រមិនកែប្រែ ជូនពរសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា នាំមកនៅសុខសន្តិភាពតរៀងទៅ ។ ហើយក៏សូមអរគុណ ញោមនាយកខុទ្ទកាល័យ ផងដែរ ដែលញោមជួយរកយុត្តិធម៌ សម្រាប់អាត្មាភាព ភិក្ខុឡុង ចន្ថា ឲ្យបានគង់នៅបន្តភេទជាអ្នកបួសបន្ត អរគុណញោមខ្លាំងណាស់ សង្ឃឹមថាអ្វីៗ នឹងល្អប្»។

សូមបញ្ជាក់ថា ក្រោយពីបែកធ្លាយសារសំឡេងសង្ឃ ឡុង ចន្ថា លួចទាក់ទងញ៉ែស្រីញី និងបបួលនារីរូបនោះ ណាត់ជួបគ្នានៅខ្លោងទ្វារវត្តភ្នំស្អាង ដែលនាំឲ្យពុទ្ធបរិស័ទ មានការភ្ញាក់ផ្អើល និងធ្វើឲ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរនោះ ។ សង្ឃឡុង ចន្ថា បានធ្វើលិខិតសន្យាថានឹងសឹកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំពោះមុខមន្ត្រីសង្ឃថ្នាក់ខេត្ត ។

លុះដល់ថ្ងៃកំណត់ ស្រាប់តែសង្ឃជើងល្អអង្គនេះ ប្តូរចិត្តមិនព្រមសឹក ក្រោមហេតុផលមិនទាន់អស់និស្ស័យនឹងព្រះផ្នួស ហើយបានរត់គេចខ្លួនបាត់ឈឹងមិនដឹងជាទៅគង់នៅវត្តណា រហូតសម្ដេចព្រះសង្ឃនាយកប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត ឲ្យចាត់ការលើករណីសង្ឃ ឡុង ចន្ថា បើឃើញនៅកន្លែងណាត្រូវចាប់សឹកកន្លែងនោះ តែរហូតមកដល់ថ្ងៃនេះ គ្មាននរណាម្នាក់ដឹងថា សង្ឃឡុង ចន្ថា កំពុងតែលាក់ខ្លួនអាត្មានៅទីកន្លែងណា មិនមានទាន់ប្រភពព័ត៌មានផ្លូវការណាមួយថា សង្ឃជើងល្អអង្គនេះ បានសឹកឡើយ ។

តាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបថា សង្ឃឡុង ចន្ថា បានរត់គេចខ្លួនទៅប្រទេសថៃ តែយ៉ាងណា មហាជនរង់ចាំមើលថា តើសង្ឃឡុង ចន្ថា អាចរត់គេចខ្លួនដល់ពេលណា បើសម្ដេចព្រះសង្ឃនាយកប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត ឲ្យចាប់ផ្សឹកសង្ឃ ឡុង ចន្ថា ទោះជានៅកន្លែងណា ក៏ដោយ៕