ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ដែល​ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ថៃ រ៉េ​ត (​ហៅ​គុន​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ មានស្រុក​កំណើត ស្រុក​ថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​ឃាត់ខ្លួន​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៩​និង​០០​នាទី ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ទូច ចក់ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ មានស្រុក​កំណើត​ភូមិ​ចម្ការ​ខ្នុរ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

លោកស្នងការ​បាន​បន្ត​ថា តាម​ការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​ថា ខ្លួន​ខឹង​ជន​រង​គ្រោះ​ជេរ​ម៉ែ​ជា​យូរ​មក​ហើយ រហូត​នៅ​ថ្ងៃ​ទី​១៥ សីហា ទើប​ខ្លួន​បាន​ផឹកស៊ី​ជាមួយ​ជន​រង​គ្រោះ​បន្ទាប់​មក​បាន​ដើរ​តាម​ពីក្រោយ​ជន​រង​គ្រោះ​ហើយ​មានឱកាស​ក៏​យកដៃ​គ្រៀក​.​ក​ជន​រង​គ្រោះ​ពីក្រោយ​ជាប់ ហើយ​យក​ខ្សែ​ក្រ​វ៉ា​ត់​រឹត​.​ក​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​តែ​ម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ៕

ដោយ ៖ សំណាង