ខេត្តបន្ទាយមានជ័យ ៖​ក្មេង​ស្រី​ម្នាក់​ដែល​ទើបតែ​អាយុ​១​ឆ្នាំ ឪពុក​ម្តាយ​បាន​ទៅ​ធ្វើការ​ស្រុក​គេ​អស់​ទុក​ឱ្យ​នៅ​ជាមួយ​យាយ​មើលថែ ដោយ​លោកយាយ​ដើរទៅ​អង្គុយ​លេង​នៅ​ក្រោម​ដើម​អំពិល​មុខ​ផ្ទះ​ទុក​ចៅ​រត់​លេង​លេង​នៅ​ក្បែរ​ផ្ទះ ស្រាប់តែ​បាត់​ចៅ​មិនឃើញ​លុះ​ដើរ​ក​បែរជា​ឃើញ​ចៅ​នៅ​ក្នុង​ពាងទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ ករណី​ក្មេង​លង់ទឹក​ពាង​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ចាន់​គី​រី ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ។

ក្មេង​ស្រី​ដែល​លង់ទឹក​ពាង​ស្លាប់​មានឈ្មោះ ហឿ​ន ស្រី​និ​ច អាយុ​១​ឆ្នាំ មាន​ឪពុក​ឈ្មោះ រ៉ែ​ម សាយ អាយុ​២៦​ឆ្នាំ ម្ដាយ​ឈ្មោះ ឈឿ​ន ហឿ​ត អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយ​ឪពុក​ម្ដាយ​បាន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​ពីរ​នាក់ ហើយ​បាន​ទុក​កូន​ឈ្មោះ ហឿ​ន ស្រី​និ​ច នៅ​ជាមួយ​យាយ និង​តា ។

តាម​ការ​រៀបរាប់​របស់​យាយ​ឈ្មោះ ហុត ហឿ​ត គាត់​បានឱ្យ​ចៅ​របស់​រត់​លេង​នៅ​ក្បែរ​ផ្ទះ​ហើយ​គាត់​ក៏​ដើរទៅ​អង្គុយ​លេង​នៅ​ក្រោម​ដើម​អំពិល​មុខ​ផ្ទះ ពេល​អង្គុយ​លេង​បាន​មួយសន្ទុះ​ស្រាប់តែ​បាត់​ចៅ​មិនឃើញ រួច​គាត់​បាន​ដើរ​រក​អស់​មួយសន្ទុះ​ធំ​តែ​រក​មិនឃើញ ពេល​គាត់​ដើរទៅ​អើត​មើល​ពាង​នៅ​ក្បែរ​ផ្ទះ​ក៏​ប្រទះ​ឃើញ​ចៅ​នៅ​ក្នុង​ពាង​មានទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ តាម​ការ​ពិនិត្យ​លើ​ខ្លួន​សព​មិន​មាន​ឃើញ​ស្លាកស្នាម​អ្វី​ទេ អាច​សន្និដ្ឋាន​ថា​ក្មេង​ស្រី​រង​គ្រោះ​ពិតជា​លង់ទឹក​ពាង​ស្លាប់​ពិតប្រាកដ​មែន ៕

ដោយ ៖​ សំណាង