រាជធានីភ្នំពេញ÷ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិអូរយ៉ាដាវ កាលពីពេលថ្មីៗនេះបានប្រទះ ឃើញមានការធ្វើរបង និងរាយបន្លារួសលើទីតាំងដី ដែលក្រុមការងារធ្លាប់បានចុះបង្រ្កាបករណីបទល្មើសរើរានដីធ្វើកម្មសិទ្ធិម្តងរួចហើយ នៅមាត់ពាមអូរចិនតៃ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងដាក់បណ្ដឹងទៅតុលាការរួចហើយ។

យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា” ជាមួយគ្នានេះ ក្រុមការងារបានដក និងកម្ទេចចោលបង្គោលរបងចំនួន១០០ដើម និងបំផ្លាញបន្លាលួសចោលប្រវែងប្រមាណ៤០០ម៉ែត្រ ហើយចុះពិនិត្យនៅទីតាំងរោងចាស់ក្នុងចម្ការខាងលើ ប៉ុន្តែពុំមានមនុស្សរស់នៅទេ។

បច្ចុប្បន្នវត្ថុតាងខាងលើ ក្រុមការងារមិនអាចដឹកយកមករក្សាទុកនៅទីស្នាក់ការបានទេ ដោយសារស្ថានភាពផ្លូវមានការលំបាកខ្លាំង។ ក្រុមការងារ កំពុងបន្តស្រាវជ្រាវរកសាវតាជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់៕