ថៃ៖ អតីតតារាសម្ដែងថៃដ៏ស្រស់ស្អាត និងល្បីល្បាញនាង Amelia Amy Jacobs ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ខណៈដែលពេលនេះនាងកំពុងភៀសខ្លួនទៅក្រៅប្រទេស ។

មុនពេលកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ នាង Amelia Amy Jacobs ត្រូវបានឃុំខ្លួន ៣ ខែម្ដងរួចមកហើយ និងពិន័យជាប្រាក់ ៥០០០បាត កាលពីឆ្នាំ​ ២០១៨ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។

កាសែតបាងកកប៉ុស្តិ៍បានអោយដឹងថា កាលពីថ្ងៃទី ២០ ខែសីហាសាលាឧទ្ធរណ៍ខេត្តមីនបូរី (ប្រទេសថៃ) បានកាត់ទោសនាង Amelia Amy Jacobs ឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងពន័យជាប្រាក់ចំនួន ១លានបាត តែក្រោយមកក៏បានសម្រាលនៅសល់ត្រឹមជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ និង ៤ខែ និងពិន័យជាប្រាក់ ៦៦៦,៦៦៦​ បាត ។

ត្បិតតែពេលនេះ អតីតតារាល្បីឈ្មោះខាងលើ បានភៀសខ្លួនទៅរស់នៅក្រៅប្រទេសហើយយ៉ាងណាក្ដី តែច្បាប់ត្រូវបានអនុវត្ត នៅតែមានប្រសិទ្ធិភាព ។

ទាក់ទងជាមួយគ្នានេះ ប៉ូលីសបាននិយាយថា“ មន្រ្តីអន្តោប្រវេសន៍មិនបានឃុំខ្លួននាងទេ ពីព្រោះនៅពេលនោះគ្មានការចេញដីកាចាប់ខ្លួនទេហើយក៏គ្មានកំណត់ត្រាណាដែលនាងវិលត្រឡប់ទៅប្រទេសថៃវិញដែរ” ។ បទបញ្ជាធ្វើបត្យាប័នមួយត្រូវបានចេញដើម្បីចាប់ខ្លួននាង Amelia Amy Jacobs មានសុពលភាព ៣០ ឆ្នាំ។

លោកឧត្តមសេនីយ៍ទោ Chuchat Thareechat អនុប្រធានការិយាល័យអន្តោប្រវេសន៍បាននិយាយថា ការិយាល័យរបស់លោកកំពុងពិនិត្យមើលកន្លែងស្នាក់នៅរបស់ Amelia ប៉ុន្តែមិនអាចបង្ហាញព័ត៌មាននេះដល់សាធារណជនបានទេ ដឹងត្រឹមថានាងទំនងជាកំពុងរស់នៅទីក្រុងឌូបៃ ។​

សូមបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំ ២០១៧ នាង Amelia Amy Jacobs ត្រូវបានចាប់ខ្លួនជាមួយមិត្តប្រុសរបស់នាងឈ្មោះ Punyawat Hirantecha នៅតំបន់ផ្លូវ Sukhaphiban (ខេត្ត Min Buri) បន្ទាប់ពីបុរសម្នាក់បានអះអាងថាខ្លួនបានទិញថ្នាំពី Punyawat ។

ក្រោយពីការឆែកឆេរសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៦០ ក្រាមថ្នាំគ្រាប់ចំនួន ១៦ កញ្ចប់និងរបស់របរសំរាប់ចាក់គ្រឿងញៀននៅផ្ទះរបស់ពួកនាង មួយចំនួន ៕
ប្រភព៖​ zingnews