រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ៖ នាយកដ្ឋាន​ការពារ​ព្រៃឈើ និង​ពន្លត់អគ្គីភ័យ​ប្រចាំ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​បាន​និយាយ​ថា ភ្លើង​ឆេះ​ព្រៃ​កំពុង​បន្ត​រាលដាល​ដល់​ផ្នែកមួយចំនួននៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​កាលពី​ថ្ងៃ​សៅរ៍​ដែលបង្ក​ឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ និងមាន​រន្ទះបាញ់​ពេល​ភ្លៀង​បាន និង​កំពុង​វាយប្រហារ​ដល់​សហ​គមន៍​​កាន់តែខ្លាំង ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​នា​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ នេះ ។

នាយកដ្ឋាន​ការពារ​ព្រៃឈើ និង​ពន្លត់អគ្គីភ័យ​ប្រចាំ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​បានឱ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន​៦​នាក់ និង​បាន​ដុត​បំផ្លាញ​អគារ​ជិត​៧០០​កន្លែង ចាប់តាំងពី​ពេល​មាន​ព្យុះ​រន្ទះ​កាលពី​ស​ប្តា​ហ៍​មុន​រួច​មក ។ ទីភ្នាក់ងារ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ជាមួយ​គ្នា​នេះ​ដែរ​អគ្គិភ័យ​បាន​ដុត​បំផ្លាញ​ព្រៃ​ជិត​មួយ​លាន​ហិ​កតា ។

តំបន់​ដែល​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​ខាងលើ​នេះ​ដែល​កំពុង​គំរាមកំហែង​យ៉ាង​ខ្លាំង​មាន​តំបន់​សាន​ហ្វ្រា​ន​ស៊ី​ស្កូ​, តំបន់​ព្រៃ​ក្បែរ​សាកលវិទ្យាល័យ កាលី​ហ្វ័​រ​ញ៉ា នៅ​សាន់​តា​ក្លូ​ស និង​តំបន់​ដ៏​ធំ​មួយ​រវាង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ និង​រដ្ឋធានី​សា​ក្រា​ម៉​ង់​តូ ។

យោង​តាម​សេចក្តី​ថ្លែង​ការ​របស់​សេត​វិមាន​បានឱ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ថា ៖«​ភ្លើង​ឆេះ​ព្រៃ​នេះ​គឺជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​មួយ​» ។

ក្រុម​មន្ត្រី​ពន្លត់អគ្គីភ័យ​ច្រើនជាង​១៤.០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​ដែល​រង​ការ​វាយប្រហារ​ដើម្បី​អន្តរាគមន៍​ពន្លត់​កុំឱ្យ​មានការ​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​បន្ត​ទៀត ចំណែក​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​ជម្លៀស​ចេញ​ជា​បណ្តោះអាសន្ន ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង