ទីក្រុង​ហ្សូ​រិច ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ក្មេង​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ​គួរតែ​ពាក់​ម៉ាស់​ដើម្បី​ជួយ​ការពារ​ជំងឺ​រាតត្បាត Covid-19 ក្នុង​ស្ថានភាព​ដូច​គ្នា​នឹង​មនុស្ស​ពេញវ័យ រីឯ​កុមារ​អាយុ​ពី​៦​ទៅ​១១​ឆ្នាំ​គួរតែ​ពាក់​ម៉ាស់​ជា​ប្រចាំ​ដើម្បី​ការពារ​ខ្លួន​ចៀង​វាង​មាន​ហានិភ័យ Covid-19 ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារ Reuters ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ នេះ ។

អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF) បាន​និយាយ​នៅ​ក្នុង​ឯកសារ​មួយ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​សុខភាព​ពិភពលោក​ថា ក្មេង​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ​គួរ​ពាក់​ម៉ាស​ជា​ពិសេស​នៅ​គម្លាត​ចម្ងាយ​មួយ​ម៉ែត្រ​ពី​អ្នក​ដទៃ​ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ Covid-19 ។

អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ប៉ុន្តែ​ពី​មុន​មិន​បាន​ចេញ​ការ​ណែនាំ​ជាក់លាក់​សម្រាប់​កុមារ​នោះ​ទេ ។

សូមបញ្ជាក់ផងដែរថា មនុស្ស​ជាង​២៣​លាន​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឆ្លង​វីរុស Covid-19 នៅ​ទូ​ទាំង​ពិភពលោក​ចាប់តាំងពី​វា​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​មនុស្ស ៧៩៨.៩៩៧ នាក់​បាន​ស្លាប់ ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង