អាងឧស្ម័នធម្មជាតិដ៏ធំមួយ ត្រូវបានគេរកឃើញនៅសមុទ្រខ្មៅនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសទួរគី។ ប្រធានាធិបតី លោក Recep Tayyip Erdogan បាននិយាយថាគេប៉ាន់ប្រមាណថាអាងនេះផ្ទុកឧស្ម័នបានចំនួន ៣២០ ពាន់លានម៉ែត្រគូប ដែលនឹងធ្វើឱ្យប្រទេសនេះក្លាយជាការរកឃើញឧស្ម័នដ៏ធំបំផុតរបស់ប្រទេស។

ប្រទេសទួរគី ពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលថាមពលពីប្រទេសរុស្ស៊ី និងប្រទេសដទៃទៀត។ លោក Erdogan បានសម្តែងក្តីសង្ឃឹមក្នុងការជំរុញថាមពលគ្រប់គ្រាន់ដោយខ្លួនឯងនៃប្រទេសរបស់លោក។

រដ្ឋាភិបាល ទួរគី ដែលនិយាយថាខ្លួនចង់ចាប់ផ្តើមការផលិតឧស្ម័ននៅឆ្នាំ ២០២៣ ក៏កំពុងធ្វើការវាស់ស្ទង់ នៅសមុទ្រ មេឌីទែរ៉ាណេខាងកើត។ ប្រទេសក្រិក និងសាយព្រុស ដែលទាមទារអធិបតេយ្យភាពលើតំបន់នេះដែរនោះ បានប្រឆាំងនឹងចំណាត់ការនេះ។ ប៉ុន្តែលោក Erdogan បានបង្ហាញពីចេតនារបស់លោកក្នុងការបន្ត ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពតានតឹងរួចទៅហើយ កើនឡើងបន្ថែមទៀត។