ខេត្តស្វាយរៀង ៖ ស្ត្រីចំណាស់ម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម និងមនុស្ស៣នាក់ទៀត រងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈដែលក្មេងរងគ្រោះ អូសរ៉ូឡូភ្លើងមកសាក់ថ្មទូរស័ព្ទបណ្ដើរ ចុចលេងបណ្ដើរ ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។

ស្ត្រីរងគ្រោះ មានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិសង្កាត់ខាងលើ។ ស្ត្រីចំណាស់ ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមាន ឈ្មោះ ចាន់ សេរី អាយុ៦៦ ឆ្នាំមុខរបរកសិករ ចំណែកក្មេងស្រីដែលរងរបួសមាន ឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ឆ្នាំ មុខរបរជាសិស្ស និងឈ្មោះ ទ្រី សុវណ្ណបុប្ផារ អាយុ៩ឆ្នាំ មុខរបរជាសិស្ស រស់នៅក្នុងភូមិសង្កាត់ខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះទាំង២នាក់ បានចុចទូរស័ព្ទលេង លុះពេលអស់ថ្ម បានអូសយករ៉ូឡូភ្លើង ដែលមានដាច់រលាត់ស្រោម មកដោតឌុយសាកថ្មជិតខ្លួន ខណៈកំពុងចុចទូរស័ព្ទលេងមិនប្រយ័ត្ន ក៏ត្រូវចរន្តអគ្គិសនីឆក់ប្រកាច់ប្រកិន ។ ឃើញបែបនោះ ស្រ្តីរងគ្រោះជាយាយ ក៏រត់ចូលជួយ ក៏ត្រូវចរន្តអគ្គិសនីឆក់ទាំងអស់គ្នាតែម្តង ទើបផ្អើលឆោឡោដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិ រត់មកបិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសល ស្ត្រីរងគ្រោះឈ្មោះ យស់ ទូច មានសភាពធ្ងន់ ក៏បានស្លាប់តែម្តង។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល និងគ្រូពេទ្យមណ្ឌលសុខភាពចេក ចុះមកដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពស្រ្តីរងគ្រោះពិតជាស្លាប់ ដោយចរន្តអគ្គិសនីឆក់ប្រាកដមែន ក៏ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ។ ចំណែក ជនរងគ្រោះ៣នាក់ ទៀតកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ រួចផុតពីសេចក្តីស្លាប់ហើយ៕