ខេត្តព្រះសីហនុ៖ ខណៈថ្ងៃឈប់សម្រាកជិតចូលមកដល់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះបងប្អូន ភ្ញៀវជាតិ-អន្ដរជាតិ មកដំណើរកំសាន្ដសប្បាយ តាមតំបន់រមណីយដ្ឋានទេសចរណ៍ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្នុងខេត្ត។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកមានខ្លឹមសារថា « អាទិត្យនេះ មេឃស្រឡះ នាំគ្នាទៅដើរលេងឆ្នេរមាស ឆ្នេរប្រាក់ កោះសំពោច ព្រែកកោះសំពោច ទីលានហាត់វាយគោល ទេសភាព កោះ ឆ្នេរ ព្រៃភ្នំ ព្រែក ពិតជាស្អាត ។ ស្វាគមន៍ប្រិយមិត្ត នាថ្ងៃឈប់សម្រាកខាងមុខ »។

ដោឡែក គណនីហ្វេសប៊ុកផេក រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូឃ្លីបនៅមុននេះបន្តិច ភ្ជាប់ជាមួយសំណេរថា « នៅសល់រយៈពេល១សប្តាហ៍ទៀត ជាថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ។ ខេត្តព្រះសីហនុ សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះបងប្អូន ភ្ញៀវជាតិ-អន្ដរជាតិ មកដំណើរកំសាន្ដសប្បាយ តាមតំបន់រមណីយដ្ឋានទេសចរណ៍ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្នុងខេត្ត។ សូមចូលរួមការពារ ទប់ស្កាត់ ការឆ្លងមេរោគកូវីដ១៩ ដោយការទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការរក្សាគម្លាតសុវត្ថិភាព»៕