ខេត្តកំពង់ឆ្នាំង៖ ស្រ្ដីដែលជាម្តាយបង្កើតមានចិត្តអប្រិយបានយកម្ជុលមកចាក់បាតជើងកូនបង្កើតរបស់ខ្លួនដែលមានស្រីម្នាក់ និងប្រុសម្នាក់ បណ្ដាលឲ្យរងរបួសសុះពេញបាតជើង ដែលហេតុការណ៌នេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០ និង៣០នាទីនៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

យោងតាមប្រភពព័ត៌មានរបស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ស្រ្ដីដែលជាជនដៃដល់នោះមានឈ្មោះ ស៊ន គន្ធា អាយុ៣០ឆ្នាំ មានទីលំនៅចំនុចកើតហេតុខាងលើ។ ក្រោយទទួលបានដំណឹងដែលស្រ្ដីនោះធ្វើទុកបុកម្នេញកូនបង្កើតបែបនេះសមត្ថកិច្ចក៏រួសរាន់ចុះទៅធ្វើការឃាត់ខ្លួនស្រ្ដីនោះ។

យ៉ាងណាមិញជនរងគ្រោះដែលជាកុមាររី និងកុមារា ទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនឹងត្រូវជាប្អូនមានឈ្មោះ ទី១- ស៊ន ធារ៉ា ភេទប្រុស អាយុ១០ឆ្នាំ (ត្រូវជាកូនជនសង្ស័យ) និងទី២- ស៊ន ស្រីពៅ ភេទស្រី អាយុ០៨ឆ្នាំ (ត្រូវជាប្អូនស្រីជនរងគ្រោះ)។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ដោយសារតែកូនរបស់គាត់និងប្អូន ចេះតែដើរលេងទៅឆ្ងាយៗពីផ្ទះ ជាពិសេសទៅលេងទឹក នៅតាមវាលស្រែម្ដុំទួលអំពិល ដោយសារម្ដាយភ័យខ្លាចកូន និងប្អួនរបស់ខ្លួន លង់ទឹកស្លាប់ ហើយមិនស្ដាប់ផង ក៏យកម្ជុលចាក់ជើងកូននិងប្អួន ដើម្បីមានបំណងអោយចាំ កុំឲ្យទៅដើរលេង។ បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕