ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កំពុងរងការចោទប្រកាន់ពីសំណាក់នារីៗជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាច្រើនរូប ថាក្រៅពីស្ទាបអង្អែលសុដន់ ឬកេរ្តិ៍ភេទពួកនាងជាជនរងគ្រោះ បុគ្គលនេះក៏បង្ខំឱ្យពួកនាងលេងប្រដាប់ភេទគាត់រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចាកចេញពីបន្ទប់របស់គាត់។

បើយោងតាមលិខិតមួយចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ របស់នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំ គោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបរាប់ថា៖
ក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩ ពួកនាងខ្ញុំមួយចំនួនត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការ បានហៅនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន។ ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ ជាមេកើយ នាងខ្ញុំក៏បានទៅជួបគាត់ម្ដងម្នាក់ៗ។

ពេលចូលទៅដល់បន្ទប់តែពីរនាក់ លោកស្នងការបានសួរបញ្ជាក់ថាពាក់ស័កិ្តប៉ុន្មាន? ហើយមុខតំណែងអីសព្វថ្ងៃ? ហើយបើចង់បានមុខតំណែង ឬឡើងស័កិ្ត ចង់ចាំបងជួយ ព្រោះបងជាស្នងការ ជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឱ្យតែអូនព្រមស្រលាញ់បង។ យ៉ាងទៀត បើអូនព្រមស្រឡាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ។ ពេលឮសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្ត មិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះមកលើនាងខ្ញុំជាកូនចៅ ជានារីភេទនោះទេហើយនគរបាលជានារីខ្លះមានទាំងប្ដីទាំងកូនផង។

ក្រៅពីពាក្យសម្ដីលួងលោម បុគ្គលនេះបានចាប់បង្ខំឱ្យស្ទាបអង្អែលកេរ្តិ៍ខ្មាស ដោយមិនញញើត ទោះបីពេលខ្លះពួកនាងខ្ញុំខំរើបម្រះ ឬចង់ស្រែកប្រាប់គេឯង ក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ។ ម្យ៉ាងទៀត គាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់ប្រព្រឹត្តនោះឲ្យនៅណាដឹងទេ បើហ៊ានគឺមានបញ្ហាហើយ។

ទោះបីដឹងថាបុគ្គលនេះតែងតែប្រព្រឹត្តបែបនេះមកលើរូបកាយ និងផ្លូវភេទពួកនាងយ៉ាងណា ក៏មិនហ៊ានប្រាប់នរណាដែរ ម្យ៉ាងខ្លាចប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរនាងខ្ញុំជាស្ត្រីភេទទន់ខ្សោយ ម្យ៉ាងខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាចរឿងនេះដឹងដល់ប្ដីអាចប្រឈមនឹងការលែងលះគ្នា ធ្វើឱ្យបែកបាក់គ្រួសារ។ ពេលខ្លះ ពួកនាងត្រូវយកឯកសារទៅឆ្លងយោបល់គាត់ ម្នាក់ៗខ្លាចមិនហ៊ានទៅជួបទេ តែជាភារកិច្ចហើយ មិនអាចប្រកែកបាន ម្យ៉ាងទៀតគាត់ប្រាប់តាមរយៈនាយការិយាល័យ ឬស្នងការរងទទួលផែន តម្រូវឲ្យយើងខ្ញុំទៅបកស្រាយផ្ទាល់ ទើបគាត់ព្រម។

នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំ បានលើកឡើងចំៗថា ក្រៅពីស្ទាបអង្អែលសុដន់ឬកេរ្តិ៍ភេទនាងខ្ញុំដែលជាជនរងគ្រោះ បុគ្គលនេះក៏បង្ខំឱ្យនាងខ្ញុំលេងប្រដាប់ភេទគាត់រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចាកចេញពីបន្ទប់របស់គាត់។ នគរបាលជានារីដែលចូលទៅជួបគាត់មួយចំនួន គឺជួបនឹងរឿងបែបនេះហើយក៏មាននគរបាលជានារីខ្លះជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារ ដោយសារការប្រព្រឹត្តអំពើដ៏ថោកទាបរបស់បុគ្គល អ៊ុក កុសល មកលើមន្ត្រីនគរបាលជានារី។

កន្លងមក ពួកនាងខ្ញុំបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ផ្ទុយទៅវិញបុគ្គលនេះកាន់តែគៀបសង្កត់មើលងាយមើលថោកមកលើពួកនាងខ្ញុំជាជនរងគ្រោះ ដោយគំរាមមិនឱ្យតែងតាំង ឬដំឡើងស័ក្តិជាដើម។

មកដល់ពេលនេះ ពួកនាងខ្ញុំគ្មានផ្លូវណាដើម្បីជ្រើសរើសក្រៅពីគោរពស្នើសុំដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ដែលជាឪពុកម្ដាយជួយរកយុត្តិធម៌ឲ្យកូនចៅជាជនរងគ្រោះផង ព្រោះអ្នកប្រព្រឹត្តជាមេកើយហើយមានអំណាចគៀបសង្កត់មកលើកូនចៅដែលទន់ខ្សោយ។

នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំ បានបន្តថា ក្រៅពីប្រព្រឹត្តអំពើថោកទាបដែលសង្គមស្អប់ខ្ពើមនេះបុគ្គល អ៊ុក កុសល នេះ ដឹកនាំបង្កើតបក្ខពួកសែស្រឡាយ ពុករលួយ និងអុជអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងទាំងថ្នាក់ដឹកនាំស្នងការ ក៏ដូចជាមន្ត្រីក្រោមឱវាទដែលមិនអាចស្ដារកិត្តិយសបានឡើយ។ ជាថ្មីម្ដងទៀត នាងខ្ញុំជាមន្ត្រីនគរបាលស្នងការដ្ឋានខេត្តកំពង់ធំ សូមលើកដៃសំពះអង្វរដល់សម្ដេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំដែលជាជនរងគ្រោះទន់ខ្សោយ គ្មានខ្នងបង្អែក មានតែសម្ដេចនិងលោកជំទាវ ដែលជាឪពុកម្ដាយជួយថែរក្សាការពារ និងផ្ដល់យុត្តិធម៌ឲ្យកូនចៅក្រោមឱវាទផងនិងសូមសម្ដេចមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តអំពើមិនគួរគប្បីមកលើកូនចៅរបស់ខ្លួនដូច្នេះ ដើម្បីជាគំរូដល់ថ្នាក់ដឹកនាំដទៃទៀតកុំឲ្យយកតម្រាប់តាម។

មហាជនកំពុងរង់ចាំមើលថា បើសិនជាដូចការចោទប្រកាន់ពីសំណាក់នារីៗជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដូចខាងលើនេះ ប្រាកដមែន ចាំមើលតើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាចំពោះលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ? ៕

ដោយ៖ សុភាព១