ភ្នំពេញ៖ យុវជន​៤នាក់ បាន​តាំង​ខ្លួន​ជា​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ125​ ចំនួន​២គ្រឿង​ ក្នុង​នោះ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​ និង​មួយ​គ្រឿ​ង​ទៀត​ ស្លាក​លេខ​ក្លែងក្លាយ​ គ្មាន​កញ្ចក់​ និង​មិន​ពាក់​មួក​សុវត្ថិភាព​ គ្មាន​ឯក​សណ្ឋាន​ និង​កាត​សម្គាល់​ខ្លួន​ ប្រដាប់​ដោយ​វិទ្យុ​ទាក់ទង​ជាប់​និង​ចង្កេះ​ បាន​ធ្វើ​ការ​ប្រដេញ​យុវជន​២នាក់​ ពី​ក្នុង​កោះ​ពេជ្រ​ដោយ​មិនមាន​បទ​ល្មេីសចោទប្រកាន់​ច្បាស់​លាស់​ ផ្អើល​ពេញ​សង្កាត់​ទន្លេ​បាសាក់​ ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ ឃាត់ខ្លួន​នាំមក​កាន់​ប៉ុស្តិ៍​នគរបាល​ធ្វើ​ការ​សាកសួរ​នាំ។

ហេតុការណ៍ដ៏​ភ្ញាក់ផ្អើល​នេះ​ដែល​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១០និង​៥០នាទី​យប់​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០២០​ នៅ​ចំនុច​មុខ​ភោជនីយដ្ឋាន ​D​O​S ផ្លូវ​សបិត​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

យុវជន​ទាំង​បួន​នាក់​ដែល​អះអាង​ថា​ខ្លួន​ជាកូន​ខ្លា​របស់​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ នោះ​រួម​មាន​៖
១ ឈ្មោះ​ លឹម​ ជីវ័ន្ត​ ហៅខួច​ អាយុ​១៨ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១១​ ស្នាក់​នៅ​ផ្ទះ​លេខ​៣៩​ ផ្លូវ​ជាតិ​លេខ​៣​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
២ ឈ្មោះ​ ហាក់​ ភារ៉ា​ អាយុ​២៨ឆ្នាំ​ មុខរបរ​លក់​ម៉ូតូ​ ស្នាក់​នៅផ្ទះ​លេខ​១០D ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៣ ឈ្មោះ​ កែវ​ តារា​សិរីវឌ្ឍ​ អាយុ​២២ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​៤។
៤ ឈ្មោះ​ ទី​ វិរ:​ អាយុ​២០ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១១ ស្នាក់នៅ​ផ្ទះ​លេខ​១០៨​ ផ្លូវ​១៣០​ សង្កាត់​ផ្សារ​កណ្ដាល​២​ ខណ្ឌ​ដូនពេញ​។

យោងតាម​ប្រភព​ព័ត៌មាន​ពី​យុវជន​២នាក់​ ដែល​អះអាង​ថា ​ខ្លួន​ជាជន​រងគ្រោះ​បាន​ប្រាប់​អោយ​ដឹងថា​ មុន​កេីត​ហេតុ​គឺ​រូបគាត់​និង​មិត្ត​ភ័ក្តិ​បាន​នាំគ្នា​អង្គុយ​ផឹក​ស៊ី​ ជុំ​គ្នា​នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះពេជ្រ​ លុះ​ដល់​ម៉ោង​កេីតហេតុ​ក៏​នាំ​គ្នា​ ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​នៅ​ តាខ្មៅ​វិញ​ខណៈ​ពេល​ជិះ​ចេញ​ពី​កោះ​ពេជ្រ​ មក​ដល់​ផ្លូវ​សបិត​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ មក​ដល់​ចំនុច​កេីត​ហេតុ​ក៏​លេច​មុខ​យុវជន​៤នាក់ ខាងលើ​ជិះ​ម៉ូតូ​២គ្រឿង​ មក​កៀង​ម៉ូតូ​ពួក​ខ្លួន​អោយ​អែប​កៀន​ ហើយ​ពួកគេ​ប្រាប់​ថា​ខ្លួន​ជា​អាវុធ​ខណ្ឌ​ដូនពេញ​ ដោយ​ចោទ​ប្រកាន់​យុវជន​ទាំង​ពីរ​នាក់​ថា​ ជា​ជនសង្ស័យ​តែ​មិនដឹង​សង្ស័យ​ពី​ករណីអ្វី​។

ដោយ​ឃើញ​យុវជន​ទាំង​បួន​នាក់​គ្មាន​ឯក​សណ្ឋាន​ និង​ កាត​សម្គាល់​ខ្លួន​ទេី​បពួក​គាត់​ប្រកែក​មិន​ព្រម​សហការ​ ក៏​បង្ក​ជាការ​ភ្ញាក់​ផ្អើល​លឺ​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ចំការមន​ និង​ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ធបាល​សង្កាត់​ទន្លេ​បាសាក់​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ ក៏​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​ នាំ​មកកាន់​ប៉ុស្តិ៍​នគរបាល​ធ្វើ​ការ​សាកសួរ​។

បន្ទាប់​ពី​ សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រួចរាល់​ទេីបដឹងថា​ ជារឿង​យល់​ច្រឡំ​គ្នា​ហើយ​ក៏​មាន ​វត្តមាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ចេញ​មុខ​សុំទោស​ចំពោះ​កំហុស​កូន​ចៅ​ខ្លួន​ ដោយ​មាន​ការ​យោគយល់​និង​អធ្យាស្រ័យ​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ ក៏​បាន​ធ្វើ​ការ​អប់​រំ​ និង​អោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ធានា​ខ្លួន​យុវជន​ទាំង​បួន​នាក់​ត្រលប់​ទៅ​វិញ ៕