បរទេស៖ សិស្សានុសិស្សនៅអាមេរិក ប្រហែលជា១០ម៉ឺននាក់ បានធ្វើតេស្ដរកឃើញវីរុសកូវីដ-១៩ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ នៃខែកក្កដា​ គឺប៉ុន្មានសប្តាហ៍មុនពេលសាលារៀនបើកដំណើរការឡើងវិញ នៅក្នុងរដ្ឋមួយចំនួនចំពេលមានការរីករាលដាលនៃជំងឺរាតត្បាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ។

វេជ្ជបណ្ឌិត Tina Hartert នៃសាកលវិទ្យាល័យ Vanderbilt មានប្រសាសន៍ថា ការបង្កើនការធ្វើតេស្តលើកុមារនឹងក្លាយជាកត្តាសំខាន់ក្នុងការកំណត់តួនាទីរបស់ពួកគេក្នុងការចម្លងជំងឺ ហើយពេលនេះអ្នកស្រីវេជ្ជបណ្ឌិតកំពុងដឹកនាំមូលនិធិដែលផ្ដល់ដោយរដ្ឋាភិបាល ដើម្បីផ្ដល់ឱ្យគ្រួសារចំនួន ២,០០០ ឱ្យទទួលបានឧបករណ៍ធ្វើតេស្ដនៅផ្ទះ។ ឆ្លើយតបនឹងការទប់ស្កាត់ការរីករាលដានៃជំងឺ COVID-19 សាលារៀនធំៗនៅ California, Los Angeles និង San Diego ដែលមានសិស្សសរុប ៧២០,០០០ បានសម្រេចឲ្យសិស្សរៀនពីផ្ទះ។

ដើម្បីឆ្លើយតបទៅនឹងករណីផ្ទុះរោគរាតត្បាតដ៌សាហាវនេះ នៅតាមរដ្ឋនីមួយៗបានសម្រេចបិទសាលាឡើងវិញ ដោយចាប់ផ្ដើមឲ្យសិស្សរៀនតាមអនឡាញវិញ។ ដោយជាពិសេសអភិបាលក្រុងទាំងអស់បានសម្រេចហាមឃាត់សិស្សមិនឲ្យមានការជួបជុំ ឬធ្វើពិធីជប់លៀងអ្វីទេ ដោយពួកគេត្រូវតែរក្សាអនាម័យជានិច្ចទាំងនៅក្នុងផ្ទះ នឹងក្រៅផ្ទះ ៕