បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសវៀតណាម បានប្រកាសថ្កោលទោសការរំលោភអធិបតេយ្យភាពរបស់ចិន ក្នុងការបញ្ជូនយន្តហោះនិងនាវាចម្បាំងទៅកាន់កោះ Subi និងកោះទ្រឿង (ស្ព្រាតលី) របស់វៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress​ ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា“ រាល់សកម្មភាពនៅប្រជុំកោះ Paracel (Hoang Sa) និង Spratly ដោយគ្មានការអនុញ្ញាតពីវៀតណាម គឺជាការរំលោភអធិបតេយ្យភាពរបស់វៀតណាមមិនមានតំលៃ និងមិនផ្តល់ផលប្រយោជន៍ដល់សន្តិភាពសន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើតឡើយ (សមុទ្រចិនខាងត្បូង)។ វៀតណាម នឹងងើបតស៊ូប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពបែបនេះ” ។

យោងតាមគេហទំព័រព័ត៌មាន BenarNews ប្រទេសចិន បានបញ្ជូននាវាចម្បាំងមួយគ្រឿង និងនាវាមួយគ្រឿងទៀតទៅថ្មប៉ប្រះទឹក Mischief Reef កាលពីថ្ងៃទី០២ ខែសីហា។

ដោយឡែកកាលពីថ្ងៃទី០៥ ខែសីហា ទស្សនាវដ្តី Forbes បានរាយការណ៍ថាប្រទេសចិនបាននិងកំពុងបង្កើតវេទិកាឃ្លាំមើលជាច្រើនដែលលាតសន្ធឹងផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។ ការស្រាវជ្រាវដោយអង្គការគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ីបាននិយាយថាវេទិកាឃ្លាំមើលគឺជាផ្នែកមួយនៃអ្វីដែលប្រទេសចិនហៅថា“ បណ្តាញព័ត៌មានមហាសមុទ្រខៀវ” ៕