ខេត្តព្រៃវែង​៖ កម្លាំង​គយ​ចល័ត​តំបន់​៦ សហការ​ជាមួយ​មន្ត្រី​កង​រាជ​អាវ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​រថយន្ត​លួច​នាំ​ចូល​គេចពន្ធ ចំនួន​២​គ្រឿង ពី​ប្រទេស​វៀតណាម ចូល​ប្រទេស​កម្ពុជា តាម​ច្រករបៀង​ប៉ុស្តិ៍​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង ១​និង​១៥​នាទី​យប់ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច ភូំ​មិ​ពោធិ៍ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ កម្លាំង​ជំនាញ​បាន​ចាប់​ឃាត់​រថយន្ត​គ្មាន​ពន្ធ​នាំ​ចូល​ចំនួន​ពីរ​គ្រឿង គឺ​រថយន្ត Chevrolet ផលិត​ឆ្នាំ ២០១៩ និង​រថយន្ត Lexus GS 300​។ ម្ចាស់​រថយន្ត ជា​មេ​ឈ្មួញ​ឈ្មោះ ម៉ៅ វណ្ណៈ ហៅ​សុខ​គា បាន​លួច​នាំ​ចូល​រថយន្ត​អត់​ពន្ធ​កន្លង​មក​ជា​ញឹកញាប់ ដោយ​ប្រើ​ល្បិច​បំភាន់​ភ្នែក​សមត្ថកិច្ច ។

មេខ្លោង​ឈ្មោះ ម៉ៅ វណ្ណៈ បាន​សារភាព​ថា ខ្លួន​ធ្លាប់​ត្រូវ​បាន​មន្ត្រី​គយ​ចល័ត​តំបន់​១ ចាប់​រថយន្ត​អត់​ពន្ធ ដែល​ខ្លួន​លួច​នាំ​ចូល​កន្លង​មក ម្តង​រួច​មក​ហើយ ហើយ​ក្នុង​មួយ​ខែ ខ្លួន​លួច​នាំ​ចូល​រថយន្ត​មក​ពី​ប្រទេស​វៀតណាម ចូល​កម្ពុជា បាន​ប្រមាណ​ពី​១៧ ទៅ​ជាង​២០​គ្រឿង ដោយ​យក​ស្លាក​លេខ នគរបាល​ជាតិ និង​ខ​.​ម ទៅ​បំពាក់​គ្រប់​រថយន្ត​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច ។

បើ​តាម​ឈ្មោះ ម៉ៅ វណ្ណៈ បាន​និយាយ​ថា អ្នក​លួច​នាំ​ចូល​រថយន្ត​អត់​ពន្ធ​មក​កម្ពុជា​នេះ នៅ​មានឈ្មោះ ប៊ុ​ន ធឿ​ន ម្នាក់​ទៀត​។ បច្ចុប្បន្ន រថយន្ត​២​គ្រឿង​ដែល​សមត្ថកិច្ច​ចាប់​បាន ត្រូវ​បាន​រក្សា​ទុក​នៅ​ទីតាំង​គយ​ចល័ត​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ៕