រាជធានីភ្នំពេញ ៖ អតីតកីឡាករជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជា គឺលោក ហែម លំផាត់ បានទទួលមរណភាព កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្នុងវ័យ ៤៩ឆ្នាំ ដោយសារជំងឺធ្លាយក្រពះ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យបណ្តាញសារព័ត៌មានដឹងថា មុនពេលស្លាប់ លោក ហែម លំផាត់ មានអាការឈឺពោះ១សប្ដាហ៍មកហើយ ។ លុះពេលគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ទើបដឹងថា គាត់ធ្លាយក្រពះ មានឈាមហូរច្រើន ទើបក្រុមគ្រួពេទ្យមិនអាចជួយសង្គ្រោះជីវិតលោកបាន។ ការស្លាប់របស់គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកនេះ គឺជាការបាត់បង់ធនធានគ្រូបង្វឹកដ៏ឆ្នើម ដែលធ្លាប់បង្វឹក និងបណ្តុះបណ្តាលកីឡាករ-កីឡាការិនីល្អៗជាច្រើន ដើម្បីចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

បច្ចុប្បន្នសពលោក ហែម លំផាត់ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោកផ្ទះ១៨៩ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តាមបណ្ដោយផ្លូវ ២០០៤ ហើយគ្រោងដង្ហែទៅបូជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែក រាល់ការចំណាយធ្វើបុណ្យសពរបស់លោកហែម លំផាត់ គឺលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ជាអ្នករាប់រងទាំងស្រុង៕

ដោយ៖ សុភាព២