រាជធានីភ្នំពេញ៖ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» ក្នុងភូមិសាស្រ្ត ស្រុកបាភ្នំខេត្តព្រៃវែង ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធមួយចំនួនមានដូចជា

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង តំណាងមន្ទីរពាក់ព័ន្ធខេត្តព្រៃវែង និងមន្ត្រីពីនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះមានគោលបំណង ចែករំលែកអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី ក្នុងការដាក់ជាតំបន់ការពារធម្មជាតិដំបូងរបស់ខេត្តព្រៃវែង និងធ្វើការពិគ្រោះយោបល់ចុងក្រោយ អំពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍ទួលព័ន្ធតាឡី»។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រចំពោះការបង្កើតតំបន់ការពារធម្មជាតិនេះ ដែលមានវិសាលភាពផ្ទៃដីចំនួន ៣៩២៤ ហិកតា៕