​ភ្នំពេញ៖ រឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ PNN មានចំណងជើងថា «កាំបិតមុខពីរ» ដែលកំពុងផ្សាយចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយសារតែរឿងនេះមានការចូលរួមសម្ដែងពីសំណាក់តារាប្រុសស្រីល្បីៗ និងមានបទពិសោធន៍សម្ដែងខ្ពស់ជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានេះ អ្វីដែលកាន់តែធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងនោះ គឺនៅក្នុងឈុតឆាកស្នេហាផិតក្បត់មួយរវាងតួអង្គប្ដីរបស់តួឯកស្រី និងប្អូនស្រីថ្លៃជីដូនមួយ ដែលឈុតឆាកមួយនេះតួអង្គស្រីជាប្អូនជីដូនមួយសម្ដែងបានយ៉ាងល្អ ។ ហើយតាមរយៈឈុតនេះអាចឲ្យទស្សនិកជនឃើញថា តួអង្គស្រីដែលជាប្អូនជីដូនមួយរបស់តួឯកស្រីខាងលើ ហាក់ដូចជាលះបង់ខ្លាំងជាមួយការសម្ដែងពោលគឺ ឃើញថានាងមិនបានពាក់អាវយ៉ាងពិតប្រាកដមែន ខណៈពេលដែលកំពុងសម្ដែងឈុតឆាកស៊ីអារម្មណ៍មួយនេះ ។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការមើលឃើញ និងចំណាប់អារម្មណ៍របស់ទស្សនិកជនតាមរយៈវីដេអូឃ្លីបផ្សព្វផ្សាយរឿងប៉ុណ្ណោះ មិនដឹងថា​ តើបច្ចេកទេសថតរបស់ក្រុមការងារថតរឿង «កាំបិតមុខពីរ» យ៉ាងណាឡើយ ៕