រាជធានីភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាស​ជា​ផ្លូវ​ការ​​ថា ធនាគារ CHINA DEVELOPMENT BANK (CDB) ជាស្ថាប័ន អភិវឌ្ឍន៍ហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោក បានចុះ​កិច្ច​ព្រមព្រៀងផ្តល់ហិរញ្ញប្បទានរយៈពេលវែង​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៣០.០០០.០០០ ដុល្លារអាមេរិក (មួយរយសាមសិបលានដុល្លារអាមេរិក)។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការធ្វើពិពិធកម្មនៃប្រភពទុន ​មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីគាំទ្រយុទ្ធសាស្រ្តរីកចម្រើនប្រកបដោយចីរភាព របស់ធនាគារ ។ ​ធនាគារ ជាក្រុមហ៊ុនបោះផ្សាយមួយក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ​អាចប្រមូលទុនពីទីផ្សារមូលបត្រ ដើម្បីពង្រឹងដើមទុន​ ចំណែកឯប្រាក់បញ្ញើសន្សំ ដែលបានមកពីប្រាក់បញ្ញើទីផ្សារហិរញ្ញវត្ថុសម្រាប់តម្រូវការដើមទុនរយៈពេលខ្លី​ រីឯហិរញ្ញប្បទានទទួលបានពីស្ថាប័ន​អន្តរជាតិ ដូចជា ធនាគារ CDB សម្រាប់គាំទ្រដល់ការរីកចម្រើនរយៈពេលវែងរបស់ធនាគារ។

ហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០.០០០.០០០ ដុល្លារអាមេរិក (មួយរយសាមសិបលានដុល្លារអាមេរិក) ពីធនាគារ CDB នេះ ​ធនាគាររំពឹងថានឹងផ្តល់ឥណទានថ្មីដល់សហគ្រាសខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ ចំនួន ៥.០០០ សហគ្រាស បន្ថែមទៀត។
លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) មានប្រសាសន៍ថា នេះគឺជាលើកទី២ហើយ ដែលធនាគារទាំងពីរបានធ្វើកិច្ចសហការជាមួយគ្នា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារធំ ដែលគាំទ្រការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា ។ CDB មានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាកាន់តែច្រើន ក្នុងការទប់ទល់នឹងស្ថានភាពនៃការរីករាលដាលនៃជំងឺជាសកល បង្កើតផលិតកម្មឡើងវិញ និងផ្តល់នូវផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាឡើងវិញ។ CDB មានឆន្ទៈក្នុងការសហប្រតិបត្តិការបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី លើកិច្ចការសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងការអភិវឌ្ឍន៍ដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥,០១ ទ្រីលានរៀល (ឬ ៦,១៥ ប៊ីលានដុល្លារអាមេរិក) សមតុល្យឥណទានសរុបចំនួន ១៦,២២ ទ្រីលានរៀល (ឬ ៣,៩៩ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧,៦៩ ទ្រីលានរៀល (ឬ ៤,៣៥ ប៊ីលានដុល្លារអាមេរិក) ៕