រាជ​ធា​នៅ​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សាយ ណូ​រ៉ា ជា​តំណាង​អយ្យការ​បាន សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ចំនួន​៣​នាក់ រួម​មាន ៖

ទី​១.​ឈ្មោះ ប៉ុក ស្រី​ល័​ក្ខ ភេទ​ស្រី ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ ។
ទី​២.​ឈ្មោះ យុន ស្រី​នូ ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ម្នាក់​ៗ២០​ឆ្នាំ ពិន័យ​ម្នាក់​ៗ ៤០​លាន​រៀល​បង់​ចូល​ថវិការដ្ឋ ពី​បទ​ជួញដូរ ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។
និង​ទី​៣. ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​កីឡាករ​បាល់ទាត់ ដាក់​ពន្ធនាគារ អស់​មួយ​ជីវិត ពិន័យ​១០០​លាន​រៀល បង់​ចូល​ថវិការដ្ឋ ។

ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ រក្សា​ទុក ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​សង្កាត់​វាលវង់​ខណ្ឌ​៧ មក​រា កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ពាក់ព័ន្ធ​ករណី​លាក់​គ្រឿងញៀន​ជិត​៦​គីឡូ ដាក់​ក្នុង​ធុងបាស់​១​គ្រឿង គ្រោង​នាំ​ទៅ​ប្រទេស វៀតណាម ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៩ កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក សាន សុ​ទ្ធី នាយករង​មន្ទីរ​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ ដាន​ដាន អិ​ច​ប្រេស​បើ​ស ដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ត្រួតពិនិត្យ​កញ្ចប់​បញ្ញើ មាន​ភាព​មិន​ប្រក្រតី​មួយ ដែល​ផ្ញើ​ពី​រាជធានី​ភ្នំពេញ ទៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ។

ការ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ក្រុមហ៊ុន ដាន​ដាន ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដោយ​រក​ឃើញ​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ៦​កញ្ចប់​ធំ ស្មើនឹង ៥,៨៩៥.៨២​ក្រាម ដែល​បង្កប់​នៅ​ក្នុង​ធុងបាស់​ធំ ១​គ្រឿង ។

បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ការ​ស៊ើបអង្កេត ដោយ​កំណត់​បាន​មុខសញ្ញា​ពាក់ព័ន្ធ រហូត​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​មានឈ្មោះ ប៉ុក ស្រី​ល័​ក្ខ ភេទ​ស្រី ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ (​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​), ឈ្មោះ យុន ស្រី​នូ ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ (​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​) និង​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​កីឡាករ​បាល់ទាត់ (​មេខ្លោង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​) ។

នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​ផ្ទះ​ជួល​របស់​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ដោយ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ទៀត រួម​មាន ៖ កញ្ឆា​ក្រៀម ៩​ក្រាម​, ជញ្ជីង​ថ្លឹង​១​គ្រឿង​, ម៉ាស៊ីន​បាញ់​ទឹក ៨​គ្រឿង​, ម៉ាស៊ីន​បូម​ធូលី ១​គ្រឿង​, ធុងបាស់ ១​គ្រឿង​,​ទូរស័ព្ទ ៣​គ្រឿង និង​លិខិតឆ្លងដែន ៣ ក្បាល ។ បើ​សរុប​វត្ថុ​តាង​គ្រឿងញៀន ដែល​ចាប់​បាន មាន​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ៥ ៨៩៥,៨២ ក្រាម និង​កញ្ឆា​ក្រៀម ៩ ក្រាម​បន្ថែម​ទៀត ៕