ខេត្តព្រះសីហនុ៖ មនុស្សប្រុស ស្រី៤នាក់ បានរងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ត​ និងរថយន្តនៅផ្លូវកំពុងស្ថាបនាថ្មីម្តុំខាងមុខសាខាពន្ធដារខេត្តនាវេលាម៉ោងជាង៧ព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២០នេះ។

សេចក្តីរាយការណ៏ពីកន្លែងកើតហេតុអោយដឹងថា រថយន្តដែលជនរងគ្រោះជិះជារថយន្តដឹកអ្នកដំណើរទេសចរណ៍ជនជាតិខ្មែរ​ មកលេងខេត្តព្រះសីហនុ កំពុងឈប់នៅចិញ្ចើមផ្លូវ ដើម្បីរៀបចំដាក់ឥវ៉ាន់ពីខាងក្រោយបម្រុងត្រឡប់ទៅវិញ ត្រូវបានរថយន្តមួយគ្រឿងទៀតបើកបរដោយជនជាតិចិន បើកលឿនជ្រុលទៅបុកពីក្រោយបណ្តាលអោយមនុស្សប្រុស៣នាក់ និងស្ត្រីម្នាក់ ដែលកំពុងរៀបចំឥវ៉ាន់ដាក់នៅក្រោយរថយន្តនោះរងរបួសខ្លះធ្ងន់ ខ្លះស្រាល ក្នុងនោះក៍មានបុរសអ្នកបើកបររថយន្តរងគ្រោះបានរងរបួសធ្ងន់ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនជាតិចិនជាអ្នកបើកបររថយន្តបង្កយកទៅដោះស្រាយបន្ត ចំណែកជនរងគ្រោះដែលរងរបួសក៍ត្រូវបានចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ។

សមត្ថកិច្ចប្រាប់ថា ក្នុងចំណោមអ្នករបួសធ្ងន់ មានបុរសម្នាក់ជាអ្នកដំណើរទេសចរណ៍បានស្លាប់ហើយពេលបញ្ជូនទៅមន្ទីរពេទ្យ នៅសល់បុរស២នាក់​ និងស្ត្រីម្នាក់ទៀត កំពុងសង្គ្រោះបន្ត ៕