វៀតណាម៖ ផ្ទះសំណាក់មួយកន្លែងដែលគេស្គាល់ច្បាស់ថា ស្ថិតនៅសង្កាត់ តាន់ ប៊ិញ ក្នុងទីក្រុង ហូ ជីមិញ ត្រូវបានរងនូវពាក្យចោទប្រកាន់របស់អ្នកលេងហ្វេសប៊ុកថា បានបង្កប់កាមេរ៉ានៅក្នុងបន្ទប់ដេករបស់ភ្ញៀវ ដែលករណីនេះ មានការចែកចាយយ៉ាងរហ័សបំផុតនៅលើបណ្ដាញសង្គម ។​

ប្រភពចេញពីអ្នកលេងហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតបន្ទប់មើលកាមេរ៉ា របស់ទីតាំងផ្ទះសំណាក់ខាងលើ ព្រមទាំងអត្ថាធិប្បាយថា ម្ចាស់ផ្ទះសំណាក់បានបង្កប់កាមេរ៉ានៅក្នុងបន្ទប់ដេករបស់ភ្ញៀវដើម្បីដោះស្រាយបញ្ហាមួយចំនួន ក៏ដូចជាចង់ពង្រឹងសុវត្ថិភាព ប៉ុន្តែការធ្វើដូច្នេះនឹងមិនមានភ្ញៀវណាម្នាក់ហ៊ានមកស្នាក់នៅឡើយ ។

ក្រោយពីមានព័ត៌មានដូច្នេះ ភាគីខាងម្ចាស់ផ្ទះសំណាក់បានចេញមុខបកស្រាយថា តាមពិតរូបភាពដែលមើលឃើញនៅក្នុងបន្ទប់កាមេរ៉ានេះ ជារូបភាពដែលយកចេញពីកាមេរ៉ាដែលបានបង្កប់នៅក្នុងបន្ទប់ទំនេរ ដែលជាបន្ទប់សម្រាប់បង្ហាញភ្ញៀវតែប៉ុណ្ណោះ មិនមែនបង្កប់នៅបន្ទប់សម្រាប់ភ្ញៀវស្នាក់ឡើយ ដូច្នេះសូមជួយកែតម្រូវឡើងវិញ ។

សូមបញ្ជាក់ថា ទោះជាយ៉ាងណាក្ដី មហាជននៅតែមានការភ័យខ្លាច មានកាមេរ៉ាបង្កប់នៅក្នុងបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារមួយចំនួនតូច ព្រោះកន្លងមកតែងតែមានករណីនេះកើតឡើងជាហូរហែ ៕

ប្រភព៖ webtintuc