រាជធានីភ្នំពេញ: អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា បានថ្លែងឲ្យដឹងថានៅក្នុងប្រទេសកម្ពុជាដំរី អាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញតំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាប ភាគខាងកើតក្នុងខេត្តមណ្ឌលគីរី។

លោក នេត្រ ភក្ត្រា បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថាដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ ធ្ងរនៅ ទូទាំងដែនជម្រករបស់វាក្នុង សកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ។

លោកបន្តថា ” នៅក្នុងប្រទេសកម្ពុជាដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញតំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត “។

អ្នកនាំពាក្យបានឲ្យដឹងទៀតថា ការរិចរិលនៃទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមានដល់ស្ថេរភាពយូរអង្វែងរបស់ប្រភេទដ៏ សំខាន់នេះ។ ម្យ៉ាងទៀតគេក៏បានរកឃើញថា កូនដំរីព្រៃកំពុងទទួលរង ការគំរាមកំហែងដោយសារការដាក់អន្ទាក់ ដែលសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់ ដល់ ការស្តារប្រភេទសត្វនេះឡើងវិញដែរ ៕