រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២ កក្កដា ២០២០​នេះ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ផែង វណ្ណៈ បាន​ធ្វើ​លិខិត​សុំ​ទោស​លោក​ជំទាវ ឡោក ខេ​ង ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ជា​សាធារណៈ​ហើយ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣០ មិថុនា លោក ផែង វណ្ណៈ បាន​បង្ហោះ​សារ​ថា «​ខ្ញុំ​បាន​បំភ្លឺ​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ ។ បន្ទាប់​ពី​បានឃើញ​ពាក្យបណ្តឹង​របស់​លោក​ជំទាវ ឡោក ខេ​ង ទើប​ខ្ញុំ​ដឹង​ថា មាន​ពាក្យ​សំដី​ខ្ញុំ​ខ្លះ និយាយ​លើស ដែល​នាំ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​លោក​ជំទាវ ។ ខ្ញុំ​នឹង​ធ្វើ​លិខិត​សុំ​ទោស​លោក​ជំទាវ ជា​សាធារណៈ នៅ​ថ្ងៃស្អែក ចំពោះ​កំហុសឆ្គង​ខ្លះ​របស់ខ្ញុំ ។ សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា ដែល​បារម្ភ​ពី​ខ្ញុំ ខ្ញុំ​មិន​អី​ទេ​» ។

គួរ​រម្លឹក​ផង​ដែរ​ថា សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ លោក អ៊ុ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក ផែង វណ្ណៈ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ ដើម្បី​សាកសួរ​ពី​ដំណើររឿង «​បណ្តឹង​របស់​លោកស្រី ឡោក ខេ​ង ចុះ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ ដែល​ប្តឹង​លោក​ពី​បទ ញុះញង់​អោយ​មានការ​រើសអើង , បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ ជេរ​ប្រមាថ​ជា​សាធារណៈ​» ។

ការ​ប្តឹង​នេះ កើត​ឡើយ​ក្រោយ​ពេល​លោក ផែង វណ្ណៈ បាន​ផ្សាយ​ព័ត៌មាន អំពី​ក្រុម​លួច​លក់​ដី​ប្រពល​រដ្ឋ​ទំហំ​ជាង​២​ហិ​កតា នៅ​ភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។ មេខ្លោង​លួច​លក់​ដី​ឈ្មោះ​ឡុ​ង ដា​រា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី ចាត់ការ​តាម​ផ្លូវច្បាប់ និង​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​រួច​ហើយ ៕