ខេត្តកំពត ៖ ដំណាក់កាល​ជំងឺ​កូ​វី​ដ​១៩​រាតត្បាត​នេះ ប្រជាពលរដ្ឋ​ដែល​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ ប្រមាណ​ជា​ជិត​៣,០០០​គ្រួសារ នៅ​ខេត្តកំពត បាន​ទទួល​ប្រាក់​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក មឿង គង្គា ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពត បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ធ្វើ​ជំរឿន ស្តី​ពី​ប្រជាពលរដ្ឋ​ដែល​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ ទូ​ទាំង ៩៣ ឃុំ​-​សង្កាត់​មន្ទីរ​ផែនការ បាន​បញ្ជូន​ប័ណ្ណ​សមធម៌​(​ប័ណ្ណ​ក្រីក្រ​) បញ្ជាក់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ចំនួន​៣,០០៥​សន្លឹក នៅ​ទូ​ទាំង​ខេត្ត ។

ក្នុង​នោះ​ជន​ក្រីក្រ​២.៧២៥​គ្រួសារ បាន​ទទួល​ប្រាក់​គោលការណ៍​របស់​រាជរដ្ឋាភិបាល​រួចរាល់​ហើយ ក្រោយ​ដំណើរការ​ជំហាន​ទី​មួយ ចាប់ពី​ថ្ងៃ​ទី​២០ ខែឧសភា ដល់ទី​១ ខែមិថុនា ឆ្នាំ​២០២០ ។

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ថា ការ​កំណត់​អត្តសញ្ញាណ និង​ផ្តល់​ប័ណ្ណ​ក្រីក្រ កំពុង​ធ្វើ​បន្ត​យ៉ាង​យកចិត្តទុកដាក់ នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ ។ ប្រសិនបើ​ចំនួន​ជន​ក្រីក្រ កើន​លើស​ពី​សន្លឹក​ប័ណ្ណ ដែល​បាន​បញ្ជូន​ទៅ​មូលដ្ឋាន​រួចរាល់​នោះ មន្ទីរ​នឹង​ធ្វើ​របាយការណ៍​ទៅ​ក្រសួង ដើម្បី​ទទួលយក​មក​ចែក​ជូន​បន្ថែម ដោយ​មិន​ឱ្យ​ខ្វះចន្លោះ ក្រុម​គ្រួសារ​ណាមួយ​ឡើយ ៕