ភ្នំពេញ៖ ស្ដ្រីមានផ្ទៃពោះម្នាក់ អាយុ២៣ឆ្នាំ ជាជនជាតិខ្មែរ ដែលធ្វើដំណើរត្រលប់ពីប្រទេសម៉ាឡេស៊ី ចូលមកម្ពុជា កាលពីចុងខែមិថុនា ឆ្នាំ២០២០ថ្មីៗនេះ ហើយត្រូវដាក់ឱ្យស្ថិតនៅធ្វើចត្ដាឡីស័ក រកមេរោគកូវីដ១៩ នៅវិទ្យាល័យជម្ពូវ័ន្ដនោះ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ម្សិលមិញនេះ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយសារសុខភាពមិនល្អ ត្រូវសម្រាលកូនដោយវះកាត់ យកកូនចេញទាំងមិនទាន់មិនគ្រប់ខែ ប្រកបដោយសុវត្ថិភាព ក្រោមការយកចិត្ដទុកដាក់របស់ក្រុមគ្រូពេទ្យ។

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននាំយកថវិកា និងសម្ភារមួយចំនួន ប្រគល់ជូនដល់ស្ដ្រីសម្រាលកូននេះដោយផ្ទាល់នៅមន្ទីរពេទ្យ។

លោកស្រី យក់ សម្បត្ដិ បានថ្លែងថា ស្ដ្រីរូបនេះជាអ្នកដំណើរមកពីម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយក្នុងយន្ដហោះដែលស្ដ្រីធ្វើដំណើរមកនោះ មានអ្នករួមដំណើរជាមួយ វិជ្ជមានកូវីដ១៩ ចំនួន២ករណី ដែលតម្រូវឱ្យស្ដ្រីនេះបន្ដធ្វើចតា្ដឡីស័ក ដើម្បីពិនិត្យតាមដានរកមេរោគកូវីដ១៩ នៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ដ។

អំឡុងពេលធ្វើចត្ដាឡីស័កបានប៉ុន្មានថ្ងៃ គាត់ក៏មានអាការៈមិនស្រួល ក៏បានបញ្ជូនគាត់ទៅស្នាក់នៅមន្ទីរពេទ្យពោធិ៍ចិនតុង ដើម្បីតាមដានសុខភាព ។ តែកាលពីម្សិលមិញគាត់ចាប់ផ្ដើម សុខភាពចុះខ្សោយខ្លាំង ទើបបញ្ជូនមកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តាមដានសុខភាពទៅ ទើបសម្រេចវះកាត់តែម្ដង ដើម្បីសុវត្ថិភាពទាំងម្ដាយ និងកូន។

ទីបំផុតក្រុមគ្រូពេទ្យយើង បានវះកាត់ជោគជ័យ ទាំងសុខភាពល្អម្ដាយ និងទារក ប៉ុន្ដែដោយកូនមិនទាន់គ្រប់គីឡូបានតែជាង២គីឡូ ដូច្នេះត្រូវបានបន្ដថែទាំយ៉ាងយកចិត្ដទុកដាក់បន្ថែមទៀតពីក្រុមគ្រូពេទ្យ៕