ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់ លេងចងកនឹងមែកស្វាយ ស្រាប់តែស្លាប់មែនទែន ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០២០ ដែលកើតឡើង នៅចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ ឈង់ គិមឡាង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលបច្ចេកទេសខេត្ត និងលោកគ្រូពេទ្យមន្ទីរពេទ្យខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កត ស្រាវជ្រាវ ការពិនិត្យឃើញថាសពបានចងកដោយខ្សែអង្រឹង ពណ៌ត្រេអ៊ី ប្រវែង៦៥សង់ទីមែត្រ ភ្ជាប់នឹងមែកស្វាយមួយដើម មានកម្ពស់១១០ សង់ទីម៉ែត្រ នៅបរិវេណមុខផ្ទះ។

យោងតាមការសន្និដ្ឋានផ្នែកនគរបាលបច្ចេកទេសខេត្តបានបញ្ជាក់ឲ្យដឹងថា សាកសពអាចស្លាប់ដោយការចងកលេង បណ្តាលស្ទះផ្លូវដង្ហើម ដោយសពមានកម្ពស់១២៥សង់ទីម៉ែត្រ មានស្នាមជាំនៅចំណុចក (ចង) ក្រៅពីនេះមិនមានស្លាកស្នាម អ្វីពាក់ព័ន្ធ និងបទឃាតកម្មនោះទេ ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ដែលថា សាកសពស្លាប់ដោយសារស្ទះផ្លូវដង្ហើម តាមរយ:ការចងក។

តាមការបំភ្លឺរបស់ឈ្មោះ ទូច សុគុណ ភេទប្រុស អាយុ៥១ឆ្នាំ ជាជីតារបស់សាកសព ប្រាប់ថា៖ ចៅគាត់ (ឈង់ គិមឡាង)ជនរងគ្រោះ មានសតិស្មារតីធម្មតា បច្ចុប្បន្នរស់នៅផ្ទះជាមួយគាត់ ដោយឪពុកម្តាយគេទៅធ្វើកម្មករនៅប្រទេសថៃ ។ ចៅខាងលើតែងដើរលេងផ្ទះអ្នកខាង ឬអង្គុយលេងនៅក្រោមដើមស្វាយ បរិវេណដីមុខផ្ទះគាត់(កន្លែងកើតហេតុ) ។

ដោយឡែកនៅថ្ងៃកើតហេតុ ម៉ោង០៩ និង៣០ព្រឹក គាត់ឃើញចៅ(ឈង់ គិមឡាង)ដែលជាជនរងគ្រោះមកពីដើរលេងផ្ទះអ្នកជិតខាង ដោយមានកាន់ខ្សែអង្រឹង១ខ្សែ(មិនដឹងថាយកពីណាទេ) សួរគាត់រកជំពាមកៅស៊ូក្នុងផ្ទះតែដោយរកមិនឃើញ គេកាន់ខ្សែអង្រឹងនោះចេញទៅក្រៅផ្ទះ គាត់និងប្រពន្ធនៅក្នុងផ្ទះមិនបានមើលចៅទេ លុះរំលងកន្លះម៉ោងបន្ទាប់ ដោយស្ងាត់បាត់ចៅ គាត់ក៏ចេញមកមើលមុខផ្ទះ ស្រាប់តែឃើញ ចៅ(ឈង់គិមឡាង)ចងកនៅមែកស្វាយមួយដើមដែលជាកន្លែង
គេធ្លាប់អង្គុយលេង ដោយឃើញចុងជើងទាំង២ទល់ដី ជង្គង់អង្កុញ មាត់ចំហ គាត់ហៅប្រពន្ធ និងអ្នកជិតខាងជួយលើកគ្រា និងកាត់ខ្សែចងកនោះផ្តាច់ និងបានធ្វើចលនាបេះដូងតែចៅមិនដឹងខ្លួន ទើបដឹកទៅមន្ទីរពេទ្យបង្អែកស្រុកពួក គ្រូពេទ្យប្រាប់ថា ចៅ(ឈង់ គិមឡាង)ស្លាប់បាត់ហើយ គាត់ក៏ដឹកសាកសពចៅមកផ្ទះវិញនិងរាយការណ៍ទៅសមត្ថកិច្ច ។

ជីតាជនរងគ្រោះគាត់បានអះអាងថា ចៅ(ឈង់ គិមឡាង) ពិតជាចងកលេង បណ្តាលឲ្យស្លាប់ខ្លួនឯងពិតមែន មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យចប់សព្វគ្រប់ បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី  ៕